(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសានដឺ លូកាសិនកូ (Alexander Lukashenko) ជាសម្ព័ន្ធមិត្តដ៏ស្មោះរបស់វិមានក្រឹមឡាំង នៅក្នុងសង្រ្គាមឈ្លានពាន អ៊ុយក្រែន បាននិយាយដោយមានជំនឿចិត្តថាអាវុធនុយក្លេអ៊ែរតាក់ទិករុស្ស៉ី ដែលត្រូវបានដាក់ពង្រាយនៅលើទឹកដីនៃប្រទេសរបស់លោក នឹងមិនត្រូវបានប្រើប្រាស់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។
លោក លូកាសិនកូ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថាអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនបានបញ្ជូនទៅដល់ប្រទេសបេឡារុស ហើយអាចនឹង បញ្ចប់ការដាក់ពង្រាយនៅដំណាច់ឆ្នាំ២០២៣នេះ។ ថ្លែងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា នាឱកាសប្រារព្ធពិធីបុណ្យជាតិ លោក លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមានជំនឿចិត្តថាអាវុធទាំងនេះត្រូវតែដាក់ឱ្យឈរជើងនៅទីនេះក្នុងប្រទេសបេឡារុស ក្នុងទីតាំងមួយដ៏ស័ក្តិសម...ហើយខ្ញុំជឿជាក់ យ៉ាងប្រាកដថាយើងនឹងមិនប្រើប្រាស់អាវុធទាំងនេះនោះទេ ខណៈត្រូវបានដាក់ពង្រាយនៅទីនេះ (បេឡារុស) រីឯសត្រូវក៏មិនហ៊ានឈានចូលក្នុងទឹកដីរបស់យើងដែរ»។
គួរបញ្ជាក់ថា លោក លូកាសិនកូ ក៏ដូចគ្នានឹងរុស្ស៉ីដែរ គឺតែងតែចោទប្រកាន់ជារឿយៗថាបណ្ដាប្រទេសលោកខាងលិចមានបំណងបំផ្លាញប្រទេសរបស់លោក ដូច្នេះហើយ ទើបលោកយល់ថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករុស្ស៉ី ជាមធ្យោបាយដ៏ល្អសម្រាប់កំញើញទប់ស្កាត់ការឈ្លានពាន។ មិនតែប៉ុណ្ណោះ កាលពីខែមិថុនា លោក លូកាសិនកូ ក៏ធ្លាប់បានព្រមានដែរថាលោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីចាំបាច់ ខណៈបញ្ជាក់ថាការប្រើប្រាស់ណាមួយនឹងត្រូវធ្វើ ការពិគ្រោះយោបល់ជាមួយរុស្ស៉ី៕