(ម៉ូស្គូ)៖ បណ្តាមេដឹកនាំនៃប្រទេសជាប់នឹងព្រំដែនបេឡារុស បានថ្លែងបារម្ភចំពោះវត្តមានរបស់ក្រុម ទាហានស៊ីឈ្នួល Wagner ដែលស្ថិតនៅក្នុងប្រទេសបេឡារុស។ បណ្តាមេដឹកនាំនៃប្រទេស ដែលជាប់នឹងបេឡារុស និងប្រទេសក្នុងទ្វីបអឺរ៉ុបបានជួបពិភាក្សាក្នុងសប្តាហ៍នេះ ដើម្បីរកវិធី ទប់ទល់ត្រៀមនិងបង្កា។ ពួកគេបារម្ភថាក្រុម Wagner នឹងអាចជ្រៀតចូលធ្វើសកម្មភាពគំរាម នានាក្នុងទ្វីបអឺរ៉ុបនោះថែមទៀត។
មេដឹកនាំសហគមន៍អឺរ៉ុប និងប្រទេសជាសមាជិកអង្គការណាតូដែលមានព្រំដែនជាប់ជាមួយ នឹងប្រទេសបេឡារុសបានបង្ហាញក្តីព្រួយបារម្ភក្នុងសប្តាហ៍នេះ ចំពោះការធ្វើនិរទសខ្លួនក្រុមទាហានស៊ីឈ្នួល Wagner ជាមួយមេបញ្ជាការរបស់គេគឺលោក Yevgeny Prigozhin ក្រោយកិច្ចសន្យាមួយដែលបញ្ចប់អំពើបះបោររយៈពេលខ្លីមួយ ដែលធ្វើឱ្យប្រទេសលោកខាងលិចបាន ភ្ញាក់ផ្អើលជាខ្លាំង។
បើទោះជារូបភាពបានបង្ហាញទំនាស់ស្រួចស្រាវរវាងលោក Yevgeny Prigozhin ជាមួយនឹង រដ្ឋាភិបាលរុស្ស៊ីជាពិសេសជួរថ្នាក់ដឹកនាំកំពូលៗ នៃក្រសួងការពារជាតិរុស្ស៊ី និងទន្ទឹមសេចក្តី រាយការណ៍ការចាប់ខ្លួនខ្លះនៃមន្ត្រីយោធាជាន់ខ្ពស់ ដូចជាលោកឧត្តមសេនីយ៍ Sergei Surovikin ក្នុងជួរក្រសួងការពារជាតិរុស្ស៊ី ដែលគេសង្ស័យបានជាប់ពាក់ព័ន្ធនឹង អំពើបះបោរ ផ្ទៃក្នុងជាមួយក្រុម Wagner ក៏ដោយ, ការដោះស្រាយភាពប្រឈមតានតឹងបំផុតក្រោម ចំណាត់ការរបស់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ដែលក្រុមប្រទេសលោកខាងលិចនិយាយ ប្រមាថចាត់ទុកថាមានភាពទន់ខ្សោយនោះ បែរជាអាចបញ្ចៀសការបង្ហូរឈាមគ្នារវាងរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួលបានដោយរលូន និងថែមទាំងឱ្យមាន កិច្ចសន្យារបស់ប្រទេសបេឡា រុសទទួលយកក្រុមទាហានស៊ីឈ្នួល Wagner និងមេបញ្ជាការរបស់គេនោះ ឱ្យរស់នៅលើទឹក ដីបេឡារុសថែមទៀត។ ភាពវិវត្តន៍ដ៏លឿននេះ បានធ្វើឱ្យប្រទេស នៃសមាជិកអង្គការណាតូ ដែលមានព្រំដែនរួមប្រមាណ១,២៥០គីឡូម៉ែត្រជាមួយនឹងបេឡារុស និងរុស្ស៊ីដូចជាប្រទេស ហ្វាំងឡង់, Latvia , លីទុយអានី, ប៉ូឡូញ និងអ៊ុយក្រែន បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា។
ប្រទេសបេឡារុស ក៏ជាប្រទេសដែលរុស្ស៊ីទើបបានដាក់ពង្រាយ អាវុធតាក់ទិកនុយក្លេអ៊េ័រ ហើយការទទួលយកក្រុមទាហានស៊ីឈ្នួល Wagner ដែលជាក្រុមមានអាជីពប្រយុទ្ធ ចំនួន ច្រើនម៉ឺននាក់ទៅកាន់ប្រទេសបេឡារុសថែមទៀតនោះ បានធ្វើឱ្យអង្គការណាតូ បង្កើនការ ប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ពីព្រោះក្រុមទាហានស៊ីឈ្នួល Wagner ទាំងឡាយនោះ ត្រូវគេ ស្គាល់ថា មិនមែនជាក្រុមប្រយុទ្ធសាមញ្ញធម្មតាតែនៅនៅលើសមរភូមិដូចគេបានគិតទុកនោះឡើយ។
តំណាងជាន់ខ្ពស់់របស់គណៈកម្មការអឺរ៉ុបលោក Joseph Borrell បានថ្លែងទទួលស្គាល់ថា «វា ច្បាស់លាស់ណាស់ដែលថាលោកពូទីនពន្លត់បានទៅវិញនូវវិបត្តិបះបោរនេះកាលពីចុង សប្តាហ៍កន្លងទៅ»។ លោក Joseph Borrell និយាយទៀតថា «លោកពូទីនទន់ខ្សោយនោះតាមពិតគឺជាមនុស្សគ្រោះថ្នាក់សម្បើមណាស់»។
មេដឹកនាំអង្គការណាតូលោក Jens Stoletenberg បានថ្លែងមុននេះបង្ហាញការ វាយតម្លៃចាត់ ទុកនូវភាពខ្សោយរបស់មេដឹកនាំរុស្ស៊ីលោកពូទីន ដោយសារតែមានព្រឹត្តិការណ៍បះបោររបស់ ក្រុម Wagner នោះ។ លោក Jens Stoletenberg និយាយថា ព្រឹត្តិការណ៍បះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍ គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី ហើយវាជាការ បង្ហាញឲ្យឃើញពីកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ ដែលលោក វ្លាឌីមៀរពូទីនបង្កើតឡើង។ ប៉ុន្តែ ការវាយតម្លៃចាត់ទុកថា លោកពូទីនជាមនុស្សទន់ខ្សោយនោះ ត្រូវបានលោកពូទីនដោះ ស្រាយយ៉ាងលឿន និងដំណោះស្រាយនោះ ថែមទាំងជាបន្លាក្នុងកែវភ្នែករបស់សមាជិក អង្គការណាតូនិងសម្រាប់សហភាពអឺរ៉ុបផងទៀត។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula Von Der Leyen និងតំណាងជាន់ខ្ពស់សហគមន៍ អឺរ៉ុបលោក Joseph Borrell បានថ្លែងថា «លោកពូទីនដែលទន់ខ្សោយនោះ គឺជាគ្រោះថ្នាក់ដ៏ធំ»។
លោកស្រី Ursula Von Der Leyen បានហៅអំពើបះបោររបស់ Wagner គឺជាផលវិបាកមួយ។ លោកស្រីបានថ្លែងថា អំពើបះបោរកាលពីចុងសប្តាហ៍កន្លងមកនេះ នឹងនាំមកនូវផលវិបាក ដែលលោកស្រីបានប្រៀបធៀបដូចជា Aftershock ភាពរំញ័រដីក្រោយការការរញ្ជួយដ៏ធំរបស់ វា។ លោកស្រីបានថ្លែងថាគេត្រូវមើលឃើញឱ្យវែងឆ្ងាយអំពីរឿងនោះ និងគេត្រូវតែបង្កើនទ្វេ ដងថែមទៀត លើការគាំទ្រអ៊ុយក្រែនទាំងវិស័យយោធា និងជំនួយហិរញ្ញវត្ថុដែលចាំបាច់ត្រូវ មានការយល់ព្រមស្រុះស្រួលទាំងអស់គ្នា។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានអូសបន្លាយឈានដល់ថ្ងៃទី៤៩២ថ្ងៃហើយ ដែលផលប៉ះ ពាល់បានធ្វើឱ្យប្រទេសជាច្រើនបានរង នឹងវិបត្តិរបស់វាជាពិសេសប្រទេសក្នុងទ្វីបអឺរ៉ុបដែល បានលង់ខ្លួនកាន់តែជ្រៅក្នុងទំនាស់ដែលមិនទាន់សះជានេះ។ ប្រទេសចិននិងប្រទេសមួយ ចំនួនបានដាក់ចេញនូវគម្រោងផ្សះផ្សាសន្តិភាពដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែនបាន បង្ហាញនូវការចង់ប្រើប្រាស់ប្រៀបឈ្នះលើសង្គ្រាម ដើម្បីគាបរុស្ស៊ីឱ្យទន់ខ្សោយសិនដើម្បីអាច បង្ខំរុស្ស៊ីដកកងទ័ពចេញពីតំបន់ភាគខាងកើតមុនការឈានទៅរកកិច្ចចរចា ប៉ុន្តែយុទ្ធនាការ វាយបកប្រមាណជិតមួយខែមកហើយ, ការវាយដណ្តើមយកទឹកដី បានតិចតួចបំផុតគ្រាដែល មានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសមានច្រើនដល់ពាន់នាក់, សម្ភារៈសឹកយោធា ទំនើបៗដែលជាជំនួយរបស់ក្រុមប្រទេសលោកខាងលិចជាពិសេសជំនួយសឹកពីសហរដ្ឋអាមេរិក ត្រូវបានរុស្ស៊ីឡោមព័ទ្ធ បាញ់បំផ្លាញ…និងរូបភាពនៅលើសមរភូមិក្នុងសប្តាហ៍នេះទៀត មិនបានបង្ហាញអំពីការរីកចំរើនទៅមុខល្អនោះឡើយ ក្រៅពីការវាយប្រហារតាមផ្លូវអាកាស របស់រុស្ស៊ីដាក់លើបណ្តាក្រុងរបស់អ៊ុយក្រែនដោយ បានធ្វើឱ្យមានមនុស្សស្លាប់និងរបួស ដល់ពលរដ្ឋក្នុងតំបន់ដែលប្រទេសអ៊ុយក្រែនបានគ្រប់គ្រង។ ម្យ៉ាងទៀត ភាពវិវត្តន៍នៃអំពើ បះបោរដែលបញ្ចប់ទៅជាមួយកិច្ចព្រមព្រៀងទទួលយករបស់បេឡារុសនូវក្រុមនីរទេស WAGNER និងមេបញ្ជាការរបស់គេនោះ បានធ្វើឱ្យការរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងរុស្ស៊ី ត្រូវផ្លាស់ប្តូរថ្មីជាបន្ថែមទៀត។
លោក Joseph Borrell បានថ្លែងក្នុងសប្តាហ៍នេះថា «អ្វីៗដូចជាមិនច្បាស់លាស់សោះ តើមាន អ្វីដែលកើតឡើង, តើនរណានិងអ្នកគាំទ្រពីក្រោយនៅកន្លែងណា ដែលបង្កើតជាអំពើចលា ចលនិងការបះបោរយោធានិងមានការចាប់ខ្លួនឧត្តមសនីយ៍យោធាជាច្រើននាក់ថែមទៀត»។ លោក Joseph Borrell បានថ្លែងបន្តថា «ខ្ញុំគិតថាលោកពូទីនបានអនុវត្តនូវរបៀបសំអាតផ្ទៃ ក្នុងរបស់ខ្លួនក្នុងសភាពដ៏បង្ខំផ្តាច់ការមួយ»។ លោកបន្តថា ចម្លើយគឺមានតែមួយ នោះគឺគេត្រូវ តែបន្តការគាំទ្រដល់ប្រទេស អ៊ុយក្រែនទោះមានអ្វីបានកើតឡើងក្នុងប្រទេសរុស្ស៊ីក៏ដោយ។ លោកបន្តថាលោកពូទីនបានបាត់បង់កងកម្លាំងផ្ទាល់ខ្លួនមួយរបស់លោកក៏ពិតមែន ប៉ុន្តែអស្ថិរ ភាពផ្ទៃក្នុងរបស់រុស្ស៊ីនោះ បានក្លាយជាហានិភ័យមួយដែលគេកំពុងតាមពិនិត្យមើលគ្រប់ពេលវេលា។
ប្រទេសលីទុយអានីដែលជាសមាជិករបស់អង្គការណាតូ និងជាប្រទេសដែលស្ថិតជាប់ព្រំដែន នឹងប្រទេសបេឡារុស បានស្នើជម្រុញអង្គការណាតូត្រូវប្រញាប់ពង្រឹងមុខព្រួញស្លាបខាងកើត របស់ណាតូ។ ប្រទេសនៃមុខព្រួញភាគខាងកើតរបស់ណាតូរួមមានប៊ុលហ្គារី, ឆេក, អេសតូ នៀ, ហុងគ្រី, ឡាតវីយ៉ា, លីទុយអានី, ប៉ូឡូញ, រ៉ូម៉ានីនិងស្លូវ៉ាគី។
ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានថ្លែងថា « យើងជាអ្នកជិតខាងនៃ ប្រទេសបេឡារុស។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពវិវត្តន៍នៅក្នុងប្រទេសបេ ឡារុស…ហើយយើងក៏បានធ្វើប្រុងប្រយ័ត្នជាមុនទុកនោះដែរ ដែលខ្ញុំប្រហែលជាមិនអាច និយាយធានាថា បានមួយរយភាគរយទេ ប៉ុន្តែពេលនេះទំនងជាមេក្រុម Wagner និងក្រុម របស់ពួកគេស្ថិតនៅទីនោះរួចហើយ។ អ្នកទាំងនោះគឺជាក្រុមឃាតករសម្លាប់មនុស្សជាបន្តបន្ទាប់។ ខ្ញុំហៅពួកគេថាជាក្រុមឃាតករ…ពួកគេអាចនឹងធ្វើអ្វីមួយពីក្នុងប្រទេសបេឡារុស និង ក៏គ្មានអ្នកណាអាចដឹងថាតើពួកគេនឹងអាចប្រឆាំងនឹងយើងវិញនៅថ្ងៃណាមួយនោះឡើយ»។
វិមានក្រឹមឡាំងបានចោទថា ក្រុមទាហានស៊ីឈ្នួល Wagner ថាបានសម្លាប់អ្នកបើកយន្តហោះ រុស្ស៊ី អស់ចំនួ១៣នាក់ក្នុងអម្លុងព្រឹត្តិការណ៍បះបោរ ក្នុងនោះបានបំផ្លាញឧទ្ធម្ភាគចក្រ ចំនួន ៣គ្រឿងនិងយន្តហោះចម្បាំងមួយគ្រឿង…ចំណែកក្រុម Wagnerបានចោទថា រដ្ឋមន្ត្រី ការពារ ជាតិរុស្ស៊ីលោក Sergei Shoigu បញ្ជាឱ្យមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតដាក់លើជំរំ បន្ទាយទ័ពរបស់ក្រុម Wagner ក្នុងប្រទេសអ៊ុយក្រែន និងថាការវាយប្រហារនោះ បានសម្លាប់ ទាហានក្រុមស៊ីឈ្នួលរបស់ពួកគេអស់ជាច្រើននាក់។ ប៉ុន្តែទំនាស់ដ៏ស្រួចស្រាវនេះ បែរជាត្រូវ បានដោះស្រាយដោយរលូនទៅវិញក្នុងរយៈពេលតែ៤៨ម៉ោង ហើយត្រូវបានបញ្ជួនទៅរស់ នៅក្នុងប្រទេសបេឡារុស ដែលវត្តមានរបស់ក្រុម Wagner នោះ បានធ្វើឱ្យប្រទេសជាប់ព្រំ ដែនបេឡារុស បានស្រែកអំពាវនាវឱ្យណាតូត្រូវចាត់វិធានការបង្កើនកិច្ចការពារសន្តិសុខ។
នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់លោក Petteri Orpo បានថ្លែងថា «ពិតមែនហើយ យើងមាន ព្រំដែនរួមជាមួយនឹងពួកគេប្រវែង១ពាន់៣០០គីឡូម៉ែត្រ។ យើងបានថែរក្សាការពារហើយ ប៉ុន្តែវាជាព្រំដែនរួមរបស់សហភាពអឺរ៉ុបនិងក៏ជាព្រំដែនរួមរបស់អង្គការណាតូផងដែរ។ យើង មិនដឹងច្បាស់លាស់ថាតើមានអ្វីកើតឡើងក្នុងប្រទេសរុស្ស៊ី ទោះក្នុងអនាគតដ៏ខ្លីនិងអនាគត វែងទៅមុខទៀតយ៉ាងណានោះឡើយ។ ហេតុដូច្នេះហើយ ដែលយើងចាំបាច់ត្រូវរួមគ្នាពង្រឹង នូវព្រំដែនរបស់យើង»។
ក្រុមទាហានស៊ីឈ្នួល Wagner ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Yevgeny Prigozhin
ត្រូវគេចាត់ទុកមុននេះថា គឺជាឧបករណ៍ប្រើប្រាស់របស់លោកពូទីនសម្រាប់ការធ្វើអន្តរាគមន៍ រឿងនានានៅក្រៅប្រទេស បើទោះបីជាវិមានក្រឹមឡាំងតែងបដិសេធមិនជាប់ពាក់ព័ន្ធយ៉ាងណាក៏ដោយ។ វត្តមានក្រុមទាហានស៊ីឈ្នួល Wagner ដែលស្ថិតនៅក្នុងប្រទេសបេឡារុសនេះ ទោះជាយ៉ាងណាក៏ដោយ ក៏ស្ថិតក្នុងការសង្ស័យថានឹងអាចមានល្បែងគ្រោះថ្នាក់អ្វីណាមួយ នឹងកើតឡើងជាពិសេសក្នុងរង្វង់ប្រទេសនៅអឺរ៉ុប។
នាយករដ្ឋមន្ត្រីនៃប្រទេស Latvia លោក Krisjanis Karins បានថ្លែងថា«ជាការពិតណាស់យើង ចោលក្រសែភ្នែកយកចិត្តទុកដាក់ជានិច្ចលើអ្វីដែលកើតឡើងនៅក្នុងប្រទេសបេឡារុស្សជា មួយលោក Prigozhin នៅទីនោះជាមួយនឹងចំនួនអ្នកប្រយុទ្ធមួយចំនួនធំដែលជាក្រុមមានការ បណ្តុះបណ្តាលនិងជំនាញច្បាស់លាស់ដែលគេជឿថា នឹងចូលរួមជាមួយនឹងបេឡារុស ហើយ ពួកគេនឹងបង្កការគំរាមកំហែង»។ លោកបានថ្លែងបន្តថា«ការគំរាមកំហែងនោះប្រហែលជាមិន មែនដូចធ្វើក្នុងសមរភូមិមុខប្រយុទ្ធគ្នានោះទេ ប៉ុន្តែជារបៀបជ្រៀតចូលទៅក្នុងអឺរ៉ុប ជាមួយនឹង គោលបំណងដែលគេមិនអាចដឹងជាមុននោះឡើយ។ ដូច្នេះមានន័យថា យើងត្រូវតែបង្កើនការប្រុងប្រយ័ត្នកាន់ ខ្លាំងនូវកត្តាសន្តិសុខព្រំដេននិងយើងត្រូវធ្វើឱ្យប្រាកដថាយើងអាចគ្រប់គ្រងបាននូវខ្សែបន្ទាត់ ព្រំដែនរួមរបស់យើង»៕