(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃសុក្រនេះថា ក្រសួងការពារជាតិរុស្ស៊ី នឹងបន្តសិក្សាពីសកម្មភាពជីវសាស្ត្ររបស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការមានទិន្នន័យបញ្ជាក់ពីការងាររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអភិវឌ្ឍអាវុធប្រភេទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញមួយថា ក្រសួងការពាររុស្ស៉ីបន្តផ្តល់ភស្តុតាងដល់សហគមន៍អន្តរជាតិជុំវិញបញ្ហានេះ ដោយគូសបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មាន​ចេតនា​ពង្រាយ​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​របស់​ខ្លួន​នៅ​តាម​តំបន់​ផ្សេងៗ ធ្វើឱ្យវាកាន់តែលំបាកក្នុងការអនុវត្តយន្តការផ្ទៀងផ្ទាត់។

លោក​បាន​សង្កត់​ធ្ងន់​ថា រហូត​មក​ដល់​ពេល​នេះ ក្រុង​វ៉ាស៊ីនតោន​បាន​និង​កំពុង​រារាំង​យន្តការ​ផ្ទៀងផ្ទាត់ ហើយនេះបង្ហាញថា កម្មវិធីជីវសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបរទេស មិនមែនមានន័យថា «គ្មានគ្រោះថ្នាក់» និង «គ្មានកំហុស» នោះទេ៕