(ញូវដេលី)៖ ទោះបីជាបានផ្ដល់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅកាន់សេវិមានកាលពី សប្ដាហ៍មុនក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមិនទាន់អាចបញ្ចុះបញ្ចូលឥណ្ឌាឱ្យក្លាយជា «សម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មីមួយ» របស់ខ្លួនបាននោះទេ។ នៅក្នុងចំណោម ឧបសគ្គធំៗដែលអាមេរិកពិបាកក្នុងការអូសទាញឥណ្ឌា នោះគឺដោយសារទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងទីក្រុងញូវដេលីជាមួយរុស្ស៉ី ដោយចាប់តាំងពី ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៧មក ឥណ្ឌាបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលអាវុធពីអតីតសហភាពសូវៀត និងក្រោយមកពីរុស្ស៉ី។
បើតាមក្រុមអ្នកវិភាគមួយចំនួន ការទាញឥណ្ឌាឱ្យចេញពីរុស្ស៉ីជារឿងដ៏ពិបាក តែវាក៏មិនមែនមានន័យអាចមិនអាចទៅរួចនោះដែរ ដរាបណាសហរដ្ឋអាមេរិក នៅតែ អាចបញ្ចុះបញ្ចូលឱ្យឥណ្ឌាមើលឃើញថាចិនជា «សត្រូវរួម»។ ជាក់ស្ដែង កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់ សហរដ្ឋអាមេរិក អាចនឹងនាំឱ្យការផ្លាស់ប្ដូរបន្តិចម្ដងៗ នៅក្នុងការពឹងផ្អែករបស់ឥណ្ឌាលើការនាំចូលអាវុធពីរុស្ស៉ី អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។
បើតាមទិន្នន័យចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល មានមូលដ្ឋានក្នុងប្រទេសស៊ុយអែត ចំណូលលក់អាវុធរបស់រុស្ស៉ី នៅទូទាំងពិភពលោក មាន ៤៥ភាគរយបានមកពីឥណ្ឌា នៅចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ តែបើធៀបទៅនឹងកាលពី៥ឆ្នាំមុន ឥណ្ឌានាំចូលអាវុធពីរុស្ស៉ីក្នុងកម្រិតដល់ទៅ ៦៤ភាគរយ ឯណោះ។ ទំនាក់ទំនងការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដេលី បានចាប់ផ្ដើមជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ទំនាក់ទំនងការពារជាតិ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងឆ្នាំ២០០៥។ ៣ឆ្នាំក្រោយមក ប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងធ្វើកិច្ចសហការលើថាមពលនុយក្លេអ៊ែរសម្រាប់វិស័យស៊ីវិល ហើយនៅឆ្នាំ២០១៦ សហរដ្ឋអាមេរិក បានប្រកាសចាត់ទុកឥណ្ឌាជា «ដៃគូដ៏ធំរបស់ខ្លួនក្នុងវិស័យការពារជាតិ» ជាមួយការអនុញ្ញាតឱ្យទីក្រុងញូវដេលីចូលទៅកាន់ បច្ចេកវិទ្យាយោធារសើបៗ និងទំនើបៗរបស់អាមេរិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានយល់ព្រមទិញបរិក្ខារយោធាអាមេរិកក្នុងទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ ក្នុងនោះរួមមានយន្ដហោះដឹកជញ្ជូនធុន C-130J Super Hercules យន្ដហោះល្បាតសមុទ្រ P-8I Poseidon ឧទ្ធមាគចក្រ AH-64E Apache និងឧទ្ធមា្ភគចក្រ CH-47F (I) Chinook។ លើសពីនេះទៅទៀត អំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិកថ្មីៗនេះ ក្រុមហ៊ុនអាមេរិក General Electric បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឥណ្ឌា Hindustan Aeronautics ដើម្បីផលិតម៉ាស៊ីនយន្ដហោះ F414 នៅក្នុងប្រទេសឥណ្ឌា សម្រាប់បំពាក់លើយន្ដហោះប្រយុទ្ធធុនស្រាល Tejas Mark 2 ដែលឥណ្ឌា កំពុងអភិវឌ្ឍ ក្រោមផែនការ Make in India នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ម៉ូឌី សំដៅបង្កើនការផលិតអាវុធ និងបរិក្ខារយោធានៅក្នុងស្រុក។ ឥណ្ឌាក៏មានផែនការ ទិញយន្ដហោះដ្រូន MQ-9B ពីក្រុមហ៊ុនអាមេរិក General Atomics ផងដែរ ខណៈសមត្ថភាពស៊ើបការណ៍របស់ឥណ្ឌា នៅតែមានកម្រិតនៅឡើយ។
ក្រៅតែពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា មានផលប្រយោជន៍រួមគ្នាក្នុងធានាឱ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃដែលមានគំនិតគ្នា។ អាមេរិក និងឥណ្ឌា សុទ្ធសឹងតែជាសមាជិកក្រុមប្រទេសក្វាដ (Quad) រួមជាមួយសមាជិក២ ទៀតគឺជប៉ុន និងអូស្រ្តាលី ដែលតែងតែដឹកនាំការធ្វើសមយុទ្ធទាំងជើងគោក អាកាស និងសមុទ្ររួមគ្នា។ ក្នុងឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោន បានប្ដូរឈ្មោះទីបញ្ជាការ កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចង់សង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមរបស់ឥណ្ឌា ដែលកំពុងប្រជែងឥទ្ធិពល និងមានជម្លោះទឹកដីស្រាប់ជាមួយចិន។
យ៉ាងណាក៏ដោយ ទោះជាមានការរីកចម្រើនធំធាត់នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ពិតមែន ក៏ឥណ្ឌានៅតែពិបាកក្នុងការដើរចេញឆ្ងាយពីរុស្ស៉ី។ យន្ដហោះចម្បាំង Sukhoi Su-30 MKI នៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃកងទ័ពអាកាសឥណ្ឌា ស្របពេលការប្រគល់ប្រព័ន្ធមីស៊ីលពារដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៉ីក្នុងតម្លៃ ៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ចាប់ផ្ដើមដំណើរការប្រគល់ជាបណ្ដើរៗហើយ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ឥណ្ឌានឹងត្រូវប្រឈមមុខនឹងភាពស្មុគស្មាញ ក្នុងការធ្វើ សមាហរណកម្មអាវុធផលិតដោយសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលអាចនឹងបង្កការលំបាកដល់ការបណ្ដុះបណ្ដាលដល់យោធារបស់ខ្លួន។
គួរបញ្ជាក់ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអាវុធរបស់រុស្ស៉ីនៅជុំវិញពិភពលោក ដែលនេះអាចជាឱកាស មួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ទីក្រុងញូវដេលី លើការទិញអាវុធពីទីក្រុងមូស្គូ ដោយអនុញ្ញាតឱ្យឥណ្ឌាចូលទៅកាន់បច្ចេកវិទ្យាយោធា ទំនើបៗ របស់សហរដ្ឋអាមេរិក។ ជាការពិតណាស់ ឥណ្ឌាប្រហែលជានឹងមិនបោះបង់ចោលរុស្ស៉ីឡើយ ប៉ុន្តែការធ្វើពិពិធកម្ម និងការប្រកួតប្រជែងគ្នានៅក្នុងចំណោម អ្នកផ្គត់ផ្គង់អាវុធនឹងមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ឥណ្ឌាប៉ុណ្ណោះទេ តែក៏ជាជោគជ័យមួយសម្រាប់អាមេរិកផងដែរក្នុងការទាញឥណ្ឌាឱ្យចេញពីរុស្ស៉ីបន្តិចៗ៕