(ប៉េកាំង)៖ ថ្ងៃទី២៩ ខែមិថុនា លោកស្រីPeng Liyuan ភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិននិងជាប្រេសិតពិសេស ផ្នែកជំរុញការអប់រំរបស់ស្ត្រីនិងកុមារនៃអង្គការយូណេស្គូ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់ វេទិកាស្ត្រីប្រទេសចិននិងអាហ្វ្រិក។
លោកស្រីPeng Liyuan បានលើកឡើងថា ប្រទេសចិននិងអាហ្វ្រិកជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខ ស្ត្រីជាសមាជិកសំខាន់នៃគ្រួសារធំរវាងប្រទេសចិននិងអាហ្វ្រិក។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមក្របខ័ណ្ឌ នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិកបានចាប់ដៃគ្នា ដើម្បីសរសរទំព័រដ៏អស្ចារ្យនៃការសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការនិងរួមគ្នារីកចម្រើនទៅមុខ។
លោកស្រីPeng Liyuan បានលើកឡើងថា ប្រទេសចិននិងអាហ្វ្រិកយកចិត្តទុកដាក់ខ្ពស់នូវការអភិវឌ្ឍនៃបុព្វហេតុស្ត្រី។ប្រទេសចិនធ្វើឱ្យប្រព័ន្ធច្បាប់ ស្តីពីការការពារសិទ្ធិរបស់ស្ត្រីឱ្យមានសុក្រឹតភាព លើកកម្ពស់កម្រិតទទួលការអប់រំរបស់ស្ត្រី គាំទ្រស្ត្រីបង្កើតអាជីពនិងច្នៃប្រឌិតថ្មី ធ្វើឱ្យសេវាកម្មសុខាភិបាលរបស់ស្ត្រី និងកុមារមានសុក្រឹតភាព ដើម្បីបង្កើតបរិយាកាសដ៏ល្អបវរសមរាប់ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី។ ប្រទេសនានាក្នុងអាហ្វ្រិកបានខិតខំប្រឹងប្រែង កែលម្អលក្ខខណ្ឌជីវភាពរស់នៅនិងផលិតកម្មរបស់ស្ត្រី ជួយស្ត្រីចេញផុតពីភាពក្រីក្រ លើកទឹកចិត្តឱ្យស្រ្តីចូលរួមក្នុង ការគ្រប់គ្រងរដ្ឋនិងសង្គម ហើយទទួលបានសមិទ្ធផលវិជ្ជមាន។
លោកស្រីបន្តទៀតថា បច្ចុប្បន្ន ការអភិវឌ្ឍនៃបុព្វហេតុស្ត្រីនៅតែប្រឈមមុខនឹង បញ្ហាប្រឈមជាច្រើន យើងត្រូវការសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ជាងពេលណាៗទាំងអស់។ ខ្ញុំរីករាយរួមជាមួយអ្នកទាំងអស់គ្នា ផ្សព្វផ្សាយស្មារតីនៃមហាសន្និបាតពិភពលោកប៉េកាំង និងកិច្ចប្រជុំកំពូលសកល ប្រមូលផ្តុំកម្លាំងនៃភាគីនានា ដើម្បីជំរុញឱ្យស្ត្រីវិវឌ្ឍរីកចម្រើនទៅមុខដោយគ្រប់ជ្រុងជ្រោយ និងខិតខំប្រឹងប្រែងសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយ រវាងប្រទេសចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន