(សេអ៊ូល)៖ ក្រុមមន្រ្តីទីក្រុងសេអ៊ូលបានឱ្យដឹងថា នៅថ្ងៃសុក្រនេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 មួយគ្រឿងរបស់អាមេរិក បានចូលរួមក្នុងការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ខណៈវាគឺជាសកម្មភាពដំឡើងសាច់ដុំយោធាថ្មីចុងក្រោយមួយទៀត ដើម្បីបង្ហាញទៅកាន់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា យោធាអាមេរិកក៏បានចល័តយន្តហោះចម្បាំង F-16 និង F-15 ឱ្យហោះជាមួយយន្តហោះ B-52 កំលុងការធ្វើសមយុទ្ធយោធាខាងលើផងដែរ ដែលត្រូវបានចូលរួមដោយយន្តហោះចម្បាំង F-35 និង KF-16 របស់កូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធយន្តហោះយោធានេះ ព្រមទាំងការមកដល់កូរ៉េខាងត្បូង នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស១គ្រឿងរបស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជិត៦ឆ្នាំ គឺជាតឹកតាងយ៉ាងច្បាស់បង្ហាញពីការបង្កើនវត្តមាន សព្វាវុធយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយកូរ៉េខាងជើង ដូចទៅតាមការព្រមព្រៀងគ្នា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំលុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៉ីនតោន កាលពីខែមេសា ឆ្នាំនេះ។
គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ យោធាទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានបន្តធ្វើសមយុទ្ធយោធាចម្រុះប្រភេទ ចាប់តាំងតែពីខែមីនាមក ដែលរួមមានទាំង ការធ្វើលំហាត់តាមផ្លូវអាកាសនិងផ្លូវទឹក ដែលមានការចូលរួមពីយន្តហោះផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B និង B-52។ កូរ៉េខាងជើងបានចេញមុខថ្កោលទោស សមយុទ្ធយោធារួមទាំងនេះ ថាជាការហាត់សមសម្រាប់ធ្វើសង្រ្គាម របស់សម្ព័ន្ធមិត្តទាំងពីរ៕