(ឡុងដ៏)៖ មន្រ្តីជាន់ខ្ពស់ផ្នែកបរិស្ថានរបស់ចក្រភពអង់គ្លេស លោក ហ្សាក់ ហ្គោលស្មីត ( Zac Goldsmith) បានស្នើសុំលាលែងពីរដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ដោយបានរិះគន់លោកនាយករដ្ឋមន្ត្រី រីស៉ី ស៊ូណាក់ (Rishi Sunak) ថា «មិនចាប់អារម្មណ៍» ចំពោះរបាយការណ៍សង្ខេបស្តីអំពីបញ្ហាបរិស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
លោក ហ្គោលស្មីត ដែលមានអាសនៈនៅសភាជាន់ខ្ពស់ និងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការដែនដីក្រៅប្រទេស សហធនរដ្ឋ ថាមពល អាកាសធាតុ និងបរិស្ថាន បានគូសបញ្ជាក់ថា «បញ្ហាគឺមិនមែនរដ្ឋាភិបាលមានអរិភាពចំពោះបរិស្ថានទេ ប៉ុន្តែគឺលោកនាយករដ្ឋមន្ត្រីរបស់យើង មិនចាប់អារម្មណ៍ឡើយ ទៅលើវិស័យថាមពល អាកាសធាតុ និងបរិស្ថាន»។
គួរបញ្ជាក់ថា លិខិតលាលែងពីតំណែងរបស់ លោក ហ្គោលស្មីត ដែលត្រូវបានបង្ហោះនៅលើបណ្តាញ Twitter បានលើកឡើងថា ចក្រភពអង់គ្លេសបានដកភាពជាអ្នកដឹកនាំរបស់ខ្លួន ចេញពីបញ្ហាអាកាសធាតុនិងធម្មជាតិហើយ។ ការលើកឡើងបែបនេះឆ្លុះបញ្ចាំងស្រដៀងគ្នា ទៅនឹងរបាយការណ៍មួយកាលពីដើមសប្តាហ៍នេះ របស់ក្រុមទីប្រឹក្សាផ្នែកអាកាសធាតុរបស់រដ្ឋាភិបាល ដែលថាចក្រភពអង់គ្លេសបានបាត់បង់តំណែង ជាអ្នកដឹកនាំពិភពលោកលើសកម្មភាពអាកាសធាតុ ហើយមិនបានធ្វើការគ្រប់គ្រាន់ ដើម្បីសម្រេចបានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យដល់កម្រិតសូន្យ នៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះឡើយ៕