(ប៉ារីស)៖ ក្រសួងមហាផ្ទៃបានប្រកាសថា ពេញមួយយប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦៦៧នាក់ដែលជាយប់ទីបីជាប់គ្នានៃបាតុម្មហិង្សា កើតចេញពីការសម្លាប់ក្មេងជំទង់ម្នាក់ ដោយប៉ូលិសអំឡុងពេលត្រួតពិនិត្យចរាចរណ៍ ខណៈលោកប្រធានាធិបតី លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្រ្តីរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅវេលារសៀលថ្ងៃសុក្រនេះ (ម៉ោងនៅបារំាង)។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «កាលពីយប់មិញ ប៉ូលិស អាវុធហត្ថ និងអ្នកពន្លត់អគ្គីភ័យរបស់យើង បានប្រឈមមុខនឹងអំពើហិង្សាដ៏កម្រមួយ ហើយមនុស្ស ៦៦៧នាក់ត្រូវបានចាប់ខ្លួន»។ ប៉ូលិសនិយាយថា នៅកណ្តាលទីក្រុងប៉ារីស ហាងលក់ស្បែកជើង Nike ត្រូវបានទម្លុះចូល ហើយមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្អួចហាងត្រូវបានវាយបំបែក នៅតាមបណ្តោយផ្លូវនៃផ្សារទំនើប Rue de Rivoli។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគ្គីភ័យជាច្រើន នៅទូទាំងប្រទេស រួមទាំងនៅចំណតរថយន្តក្រុងមួយកន្លែង ស្ថិតនៅជាយក្រុងភាគខាងជើងនៃទីក្រុងប៉ារីស និងចំណតរថភ្លើងនៅទីក្រុងលីយ៉ុងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបានគប់គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខនៅពេលពួកគេចង់ធ្វើពិធីឧទ្ទិស នៅទីក្រុង Nanterre ដែលជាទីក្រុងសំបូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវជនអាយុ ១៧ឆ្នាំឈ្មោះ Nahel M ត្រូវបានប៉ូលិសបាញ់សម្លាប់៕