(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីសម្រេចមួយ ដែលនឹងឈាន​ទៅបង្កើតស្ថាប័នឯករាជ្យ ដើម្បីស្រាវជ្រាវឱ្យច្បាស់លាស់អំពីជោគវាសនា របស់មនុស្សប្រហែលជាង១៣០,០០០នាក់ ដែលបានបាត់ខ្លួន ដោយសារតែជម្លោះនៅក្នុងប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីសម្រេចខាងលើ ត្រូវបានអនុម័តដោយមហាសន្និបាត UN នៅក្នុងសំឡេង៨៣គាំទ្រ ១១ប្រឆាំង ៦២អនុបវាទ។ ក្នុងចំណោម ប្រទេសដែលជំទាស់សេចក្តីសម្រេចនេះ រួមមានដូចជា ស៉ីរីផ្ទាល់ដែលបាននិយាយថា ខ្លួននឹងមិនផ្តល់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នថ្មីនោះឡើយ។ ចំណែករុស្ស៉ី ចិន បេឡារុស កូរ៉េខាងជើង គុយបា និងអ៉ីរ៉ង់ ក៏បានបោះឆ្នោតប្រឆាំងផងដែរ។

តាមរយៈការអនុម័តសេចក្តីសម្រេចនោះ ស្ថាប័នឯករាជ្យនៃបុគ្គលដែលបាត់ខ្លួននៅប្រទេសស៉ីរី នឹងត្រូវបង្កើតឡើងនៅក្រោមឆត្ររបស់ UN ដើម្បីស្រាវជ្រាវឱ្យច្បាស់លាស់ អំពីជោគវាសនានិងទីកន្លែងរបស់មនុស្សទាំងនោះ និងដើម្បីផ្តល់ការគាំទ្រឱ្យគ្រប់គ្រាន់សម្រាប់​ជនរងគ្រោះ អ្នកដែលនៅមានជីវិត ព្រមទាំងក្រុមគ្រួសាររបស់អ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា ជម្លោះស៉ីរីដែលប្រែក្លាយពីចលនាបះបោរមកជាសង្រ្គាមស៉ីវិល នាពេលនេះកំពុងស្ថិតក្នុងឆ្នាំទី១៣ ហើយបានសម្លាប់ជីវិត​មនុស្សជិតកន្លះលាននាក់ ព្រមទាំងធ្វើឱ្យប្រជាជនប្រមាណជាពាក់កណ្តាល នៃចំនួនប្រជាជនសរុប២៣នាក់ កាលពីមុនមានសង្រ្គាមរបស់​ប្រទេសនេះ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ។ គណៈកម្មការអន្តរជាតិស្តីពីបុគ្គលបាត់ខ្លួន ដែលផ្អែកលើតួលេខប៉ាន់ស្មានរបស់ UN បានអះអាងថា គិតត្រឹមឆ្នាំ២០២១ ប្រជាជនស៉ីរីប្រហែលជាង១៣០,០០០នាក់ បានបាត់ខ្លួន ដោយសារតែលទ្ធផលនៃសង្រ្គាម។ មកទល់ពេលនេះ រដ្ឋាភិបាលស៉ីរីមិនធ្លាប់សហការ ជាមួយស្ថាប័នអន្តរជាតិដែលមានស្រាប់ណាមួយ ដែលព្យាយាមស្រាវជ្រាវលើបុគ្គល​ដែលបាត់ខ្លួនទាំងនោះឡើយ៕