(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តចំពោះគម្រោងលក់ យន្តហោះចម្បាំង F-35 គ្រាប់រំសេវ ព្រមទាំងបរិក្ខារពាក់ព័ន្ធ ឱ្យទៅសាធារណរដ្ឋឆែក ក្នុងកិច្ចព្រមព្រៀងមួយអាចមានទំហំរហូតដល់ ៥.៦២ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងថ្ងៃដដែលនោះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ក៏បានជូនដំណឹងពីផែនការលក់យន្តហោះចម្បាំងខាងលើ ទៅកាន់សភាជាតិអាមេរិក ផងដែរ។ ទោះជាយ៉ាងនេះក្តី វាមិនមែនមានន័យថា សហរដ្ឋអាមេរិកនិងសាធារណរដ្ឋឆែក បានចុះកិច្ចព្រមព្រៀងផ្លូវការជាមួយគ្នា រួចរាល់ហើយនោះទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន រដ្ឋាភិបាលឆែកបាននិយាយថា ខ្លួនមានបំណងទិញយន្តហោះចម្បាំង F-35 ចំនួន២៤គ្រឿង ដើម្បីជំនួសក្រុមយន្តហោះចម្បាំង Gripen ផលិតដោយក្រុមហ៊ុនស៊ុយអែត Saab ដែលឆែកកំពុងប្រើប្រាស់ ក្រោមលក្ខខណ្ឌនៃការជួល។ ក្រៅពីយន្តហោះចម្បាំង F-35 ផ្ទាល់ នៅក្នុងគម្រោងលក់ ដែលត្រូវបានអនុម័ត ដោយក្រសួងការបរទេសអាមេរិក ក៏នឹងរួមមានផងដែរនូវ ម៉ាស៉ីនបម្រុង១គ្រឿង, មីស៉ីល AIM-120C-8 AMRAAM ចំនួន៧០គ្រាប់, គ្រាប់បែកចម្រុះប្រភេទ ព្រមទាំងសម្ភារគាំទ្រ គ្រឿងបន្លាស់ផ្សេងៗ ហើយនិងការគាំទ្រផ្នែកបច្ចេកទេស៕