(ហាណូយ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការយោធានៅប្រទេសវៀតណាម បានសម្រេចផ្តន្ទាទោសអតីតមេបញ្ជាការម្នាក់ នៃកងឆ្មាំសមុទ្រវៀតណាម ឱ្យជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ ក្រោយរកឃើញថា រូបលោកពិតជាមានទោសពីបទលួចបន្លំប្រាក់ប្រមាណ ២លានដុល្លារ ចេញពីកិច្ចព្រមព្រៀងទិញសម្ភារយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

លោក ង្វៀន វ៉ាន់សុន (Nguyen Van Son) វ័យ៥៩ឆ្នាំ ត្រូវបានកាត់ទោសពីបទជាមេខ្លោង នៃផែនការកេងបន្លំថវិកាចំនួន៥០ពាន់លានដុង ឬស្មើនឹង២.១២លានដុល្លារអាមេរិក កាលពីពេលដែលរូបលោកនៅកាន់តំណែងជា ប្រមុខកងឆ្មាំសមុទ្រនៃប្រទេសវៀតណាម។ ចំណែកឯ​មន្រ្តីក្រោមឱវាទលោកចំនួន៦នាក់ ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដូចគ្នាផងដែរ។ អតីតមន្រ្តីជាន់ខ្ពស់នៃកងឆ្មាំសមុទ្រវៀតណាមទាំង ៦នាក់នោះ គឺម្នាក់ៗត្រូវជាប់ពន្ធនាគាចាប់ពី១០ឆ្នាំ រហូតដល់១៥ឆ្នាំកន្លះ សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងផែនការលួចថវិកា។

គួរបញ្ជាក់ថា ប្រទេសវៀតណាម កំពុងបន្តស្ថិតក្រោមយុទ្ធនាការបោសសំអាតអំពើពុករលួយ ដឹកនាំដោយអគ្គលេខាធិការបក្សកុម្មុយនិស្ត លោក ង្វៀន ហ្វូចុង (Nguyen Phu Trong) ដែលក្នុងឆ្នាំនេះបានមើលឃើញ ការកាត់ទោសដាក់ពន្ធនាគារមន្រ្តីជាន់ខ្ពស់​ជាបន្តបន្ទាប់ ព្រមទាំងការលាលែងពីតំណែងរបស់ប្រធានាធិបតី ហើយនិងការដកហូតតំណែងឧបនាយករដ្ឋមន្រ្តី២រូប៕