(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្នុងចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ដើម្បីពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៉ីម៉ា ដាយអ៉ីឈិ (Fukushima Daiichi)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញទឹកពីរោងចក្រ Tokyo Electric Power Co Fukushima ដែលត្រូវបានបំផ្លាញកំឡុងពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រនៅរដូវក្តៅនេះ ដោយប្រការនេះបានបង្កើនការព្រួយបារម្ភសម្រាប់ប្រទេសជិតខាងរបស់ជប៉ុន ដូចជាកូរ៉េខាងត្បូងជាដើម។ បើតាមប្រព័ន្ធគ្រប់គ្រងរបស់រោងចក្រ និងរដ្ឋាភិបាលជប៉ុន ទឹកកខ្វក់ជាងមួយលានតោន ដែលភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រមានភាពត្រជាក់ គឺមានសុវត្ថិភាពបន្ទាប់ពីត្រូវបានចម្រោះរួចរាល់។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមត្រួតពិនិត្យរបស់កូរ៉េខាងត្បូងចំនួន ២១នាក់បានធ្វើដំណើររយៈពេល ៦ថ្ងៃទៅកាន់ទីតាំងនោះ ដើម្បីមើលលើការបន្សុតទឹក ការដឹកជញ្ជូន និងឧបករណ៍បញ្ចេញទឹក ព្រមទាំងយកសំណាកមកវិភាគផងដែរ៕