(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងដែលកំពុងចូលរួមការប្រកួតប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ បានបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីជួបលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ហ្សេលេនស្គី លោក Mike Pence បានគូសបញ្ជាក់ដូច្នេះថា «សេរីភាពកំពុងទទួលជ័យជម្នះ ក្នុងប្រទេស អ៊ុយក្រែន ហើយខ្លាំងជាងពេលណាៗទាំងអស់ យើងចាំបាច់ត្រូវតែរក្សាឱ្យបាននូវជំនឿចិត្តចំពោះក្រុមអ្នកប្រយុទ្ធដ៏ក្លាហាននៅទីនេះ គឺអ៊ុយក្រែនដែលកំពុងតស៊ូ ដើម្បីសេរីភាព និងវាយរុញច្រានការឈ្លានពានពីរុស្ស៉ី»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យលោក Mike Pence ក្លាយជាបេក្ខជនប្រធានាធិបតីសាធារណរដ្ឋដំបូងគេ ដែលបានជួបជាមួយ លោក ហ្សេលេនស្គី ក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕