(មូស្គូ)៖ សមាជិកសភាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី បានឱ្យដឹងថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន ត្រូវបានជូនដំណឹងថាទាហាន Wagner របស់លោកលែងអាចបន្តការប្រយុទ្ធ ក្នុងសង្រ្គាមនៅអ៊ុយក្រែនតទៅទៀតឡើយ ខណៈលោក ពី្រហ្គោហ្ស៉ីន បានបដិសេធចុះកិច្ចសន្យាយល់ព្រម ស្ថិតនៅក្រុមចំណុះក្រសួងការពារជាតិរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

លោក អាន់ដ្រី កាតាប៉ូឡូវ (Andrei Kartapolov) ជាសមាជិកសភារុស្ស៉ីដ៏មានឥទ្ធិពលម្នាក់ដែលគ្រប់គ្រងគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៉ី បានបន្ថែមដែរថាការបះបោរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាការជំទាស់របស់លោក ព្រីហ្គោហ្ស៉ីន ទៅនឹងការស្នើសុំរបស់ក្រសួងការពារជាតិឱ្យទាហានស៊ីឈ្នួល ចុះកិច្ចសន្យា។ លោក កាតាប៉ូឡូវ បានគូសបញ្ជាក់ដូច្នេះថា «ដូចដែលអ្នកទាំងអស់គ្នាបានដឹង នៅប៉ុន្មានថ្ងៃមុនការប៉ុនប៉ងបះបោរ ក្រសួងការពារជាតិបានជូន ដំណឹងដល់អង្គភាពយោធាគ្រប់ទម្រង់ទាំងអស់ ត្រូវតែចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ...មនុស្សគ្រប់គ្នាបានចាប់ផ្ដើមអនុវត្តតាមការសម្រេចចិត្តនេះ លើកលែងលោក ព្រីហ្គោហ្ស៉ីន តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមលោក កាតាប៉ូឡូវ នៅបន្ទាប់ពីការជំទាស់ចុះកិច្ចសន្យារបស់លោក ព្រីហ្គោហ្ស៉ីន ថៅកែទាហានស៊ីឈ្នួលរូបនេះត្រូវបានគេជូនដំណឹងថា ទាហានស៊ីឈ្នួល Wagner របស់លោកនឹងមិនអាចបន្តប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទៀតនោះទេ ហើយក៏នឹងលែងទទួលបានកញ្ចប់ថវិកាពីរដ្ឋផងដែរ។ លោក ព្រីហ្គោហ្ស៉ីន កាលថ្ងៃទី១១ ខែមិថុនា បានអះអាងថាក្រុមអ្នកប្រយុទ្ធរបស់លោកនឹងមិនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៉ីឡើយ ដោយអះអាងថារដ្ឋមន្ត្រីការពារជាតិសព្វថ្ងៃ គឺលោក សឺហ្គៃ សយហ្គូ មិនមានសមត្ថភាពក្នុងការដឹកនាំយោធារុស្ស៉ី៕