(វ៉ាស៊ីនតោន)៖ មន្ទីបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថាបាឡុងចិនមួយគ្រឿងដែលត្រូវបានយន្ដហោះចម្បាំងអាមេរិកបាញ់ទម្លាក់ នៅក្នុងដែនអាកាសពីលើមហាសមុទ្រអាត្លង់ទិក កាលពីខែកុម្ភៈកន្លងទៅ មិនបានប្រមូលទិន្នន័យ ឬព័ត៌មានសម្ងាត់នោះទេ ខណៈហោះឆ្លងកាត់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ប៉ាត់ រ៉ៃដឺ (Pat Ryder) បានគូសបញ្ជាក់ដូច្នេះថា «ការវាយតម្លៃរបស់យើងបានបង្ហាញថាបាឡុងនោះ (ចិន) មិនបានប្រមូលទិន្នន័យអ្វីនោះទេ ក្នុងពេលធ្វើដំណើរឆ្លងកាត់ និងហោះពីលើសហរដ្ឋអាមេរិក»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លើសពីនេះនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ យោធាអាមេរិកបានបាញ់ទម្លាក់បាឡុងចិនមួយគ្រឿង ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ នៅឯតំបន់ឆ្នេរនៃរដ្ឋ South Carolina និងបានស្រង់បាឡុងនេះចេញពីមហាសមុទ្រអាត្លង់ទិក ដើម្បីសិក្សាចាប់តាំងពីពេលនោះមក។ ខាងចិនវិញ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ជុំវិញការបាញ់ទម្លាក់បាឡុងរបស់ខ្លួន ដែលទីក្រុងប៉េកាំងអះអាងថាគ្រាន់តែជាបាឡុងស៊ីវិលធម្មតាប៉ុណ្ណោះ៕