(ម៉ិកស៊ីកូ ស៊ីធី)៖ អាជ្ញាធរនៅក្នុងប្រទេសម៉ិកស៉ិក បានឱ្យដឹងថាមនុស្សច្រើនជាង ១០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅដ៏ក្ដៅបំផុតមួយ ក្នុងខែមិថុនានេះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រព្រមានថាការឡើងកម្ដៅរបស់ផែនដី បាន និងកំពុងធ្វើឱ្យអាកាសធាតុប្រែប្រួលដោយក្នុងនោះប្រទេសជាច្រើន កំពុងប្រឈមមុខនឹងការកើនឡើងសីតុណ្ហភាពក្ដៅខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

បើតាមទិន្នន័យមួយចេញផ្សាយដោយក្រសួងសុខាភិបាលម៉ិកស៉ិក ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ភាពអាសន្នពាក់ព័ន្ធនឹងរលកកម្ដៅជាង ១,០០០ករណី ត្រូវបានរាយការណ៍ក្នុងប្រទេសម៉ិកស៉ិល នៅចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ហើយក្នុងនោះមានមនុស្ស១០៤នាក់បានស្លាប់។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា អាជ្ញាធរម៉ិកស៉ិកក៏បានរាយការណ៍ផងដែរពីអ្នកស្លាប់ ៨នាក់ ដោយសារតែរលក កម្ដៅផងដែរ ដែលនេះធ្វើឱ្យតួលេខអ្នកស្លាប់កើនដល់ ១១២នាក់ ហើយអ្នកដែលបានស្លាប់ទៀតសោត ភាគច្រើនគឺបណ្ដាលមកពីជំងឺ heat stroke ដែលជាជំងឺមួយទាក់ទងនឹងរាងកាយឡើងកម្ដៅខ្លាំង៕