(ប៉េកាំង)៖ អ្នកនាំពាក្យចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកឈប់ធ្វើអត្ថាធិប្បាយដែលមិនមានការទទួលខុសត្រូវ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ជាមួយនឹងសកម្មភាពជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ធ្វើ​ការ​លើក​ឡើង​ខាងលើ ​ជា​ការ​ឆ្លើយ​តប​នឹង​ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា «វាមិនមែនជារឿងសម្ងាត់ទេ ដែលមានភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងចិន។ អាមេរិក​នឹង​បន្ត​ការពារ​ផលប្រយោជន៍​ខ្លួន ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​ខ្លួន ហើយ​បន្ត​ធ្វើ និង​និយាយ​រឿង​ដែល​ចិន​មិន​ចូលចិត្ត»។

ចំពោះការអត្ថាធិប្បាយនេះ ក្រសួងការបរទេសចិនបានសម្តែងការប្រឆាំងរបស់ខ្លួន ដោយពណ៌នាវាថា ជាការអត្ថាធិប្បាយដែល «គ្មានការទទួលខុសត្រូវ» និងប្រាសចាកចេញពីបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

លោកស្រី Mao បាននិយាយថា សហរដ្ឋអាមេរិកកំពុងបន្តអនុវត្តគោលនយោបាយខុសឆ្គង ចំពោះប្រទេសចិន ដែលកើតចេញពីការយល់ខុសចំពោះប្រទេសចិន ស្វែងរកការទប់ស្កាត់ និងគាបសង្កត់ប្រទេសចិន ព្រមទាំងធ្វើឱ្យខូចមុខមាត់របស់ប្រទេសចិន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​និយាយ និង​បាន​ធ្វើ​ បានបំពាន​លើ​ច្បាប់​មូលដ្ឋាន​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ។ ប្រទេសចិនមានហេតុផលគ្រប់យ៉ាងដើម្បីប្រឆាំងយ៉ាងម៉ឺងម៉ាត់។

លោកស្រី Mao បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ការគោរពគ្នាទៅវិញទៅមក គឺជាគោលការណ៍មូលដ្ឋាន នៃបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយគ្នា និងជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការស្វែងរកផ្លូវត្រឹមត្រូវដើម្បីដើរទន្ទឹមគ្នា។ សហរដ្ឋ​អាមេរិក​ត្រូវ​បញ្ឈប់បញ្ចេញមតិដោយមិនទទួលខុសត្រូវ និងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ជាមួយនឹងសកម្មភាពជាក់ស្តែង»