(ម៉ានីល)៖ អាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៨នាក់បានរងរបួស នៅក្នុងឧប្បត្តិហេតុផ្ទុះហ្គាសមួយ ដែលបានកើតឡើងនៅផ្សារទំនើបមួយ ក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ប៉ូលីសបាននិយាយថា ការផ្ទុះដែលបានកើតឡើងប្រហែលម៉ោង ១០ និង ២០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅខាងក្នុងផ្សារទំនើបក្នុងទីក្រុង Calapan ក៏បានបំផ្លាញរថយន្តយ៉ាងហោចណាស់ ១៣គ្រឿងដែលចតនៅខាងក្រៅផ្សារទំនើបនេះផងដែរ។
ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការលេចធ្លាយឧស្ម័ននៅខាងក្នុងភោជនីយដ្ឋានកូរ៉េ បង្កឱ្យមានការផ្ទុះនេះ។
អភិបាលក្រុង Calapan លោក Malu Morillo បានគូសបញ្ជាក់ថា អ្នករងរបួសរួមមានបុគ្គលិកភោជនីយដ្ឋានបួននាក់ បុរសដឹកជញ្ជូនម្នាក់ និងជនរងគ្រោះផ្សេងទៀតជាអតិថិជនរបស់ភោជនីយដ្ឋាន៕