(កៀវ)៖ ក្រុងក្រៀវបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាដល់ពេលហើយសម្រាប់អង្គការណាតូ ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន លើសមាជិកភាពរបស់អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម មុនពេលកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តដ៏សំខាន់មួយនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter បន្ទាប់ពីបាននិយាយតាមទូរសព្ទជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា «អ៊ុយក្រែនបន្តធ្វើការយ៉ាងសកម្មជាមួយសម្ព័ន្ធមិត្តណាតូទាំងអស់ ដើម្បីបញ្ជាក់ប្រាប់ពួកគេថា វាដល់ពេលដែលត្រូវបញ្ជាក់អំពីសមាជិកភាពរបស់អ៊ុយក្រែន ក្នុងសម្ព័ន្ធភាពហើយ»

គួរបញ្ជាក់ថា ទំនាក់ទំនងនាពេលអនាគតរវាងអ៊ុយក្រែន និងអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងក្លាយជាបញ្ហាសំខាន់ក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវីលនីស នៅថ្ងៃទី១១-១២ ខែកក្កដា។

ថ្លែងក្នុងសភាកាលពីថ្ងៃពុធ លោក Zelensky បានអះអាងថា កងកម្លាំងតស៊ូរបស់ទីក្រុងកៀវនឹងជួយអង្គការណាតូកាន់តែរឹងម៉ាំ មិនមែនធ្វើក្រុមនេះចុះខ្សោយទេ នៅពេលដែលអ៊ុយក្រែន «ទទួលជ័យជម្នះ»

លោក Zelenskiy បាននិយាយទៀតថា «ឥឡូវនេះយើងជាអ្នកទទួលជំនួយផ្នែកសន្តិសុខ»។ ប៉ុន្តែ​អ៊ុយក្រែន​ដែល​ទទួល​បាន​ជ័យ​ជម្នះ​នឹង​ក្លាយ​ជា​ម្ចាស់​ជំនួយ​សន្តិសុខ​សម្រាប់​តំបន់​របស់​យើង ​សម្រាប់​អឺរ៉ុប​ទាំងមូល និង​សម្រាប់​ពិភពលោក​ទាំងមូល។

លោក Stoltenberg បាននិយាយនៅសប្តាហ៍នេះថា ការបន្តគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី គឺមានសារៈសំខាន់ ហើយថាសម្ព័ន្ធមិត្តណាតូនឹងស្វែងរកផ្លូវសម្រាប់ទីក្រុងកៀវដើម្បីចូលរួមសម្ព័ន្ធភាព។ ទោះជាយ៉ាងណា សូម្បីតែលោក Zelensky ខ្លួនឯងផ្ទាល់ក៏បានទទួលស្គាល់នៅខែនេះថា អ៊ុយក្រែននឹងមិនអាចចូលរួមជាមួយណាតូបានទេ រហូតដល់ការឈ្លានពានរបស់រុស្ស៊ីត្រូវបានបញ្ចប់៕