(វ៉ាស៊ីនតោន)៖ បណ្តាញសារព័ត៌មានពិភពលោក បានចេញផ្សាយជុំវិញភាពភ្លាំងភ្លាត់នៃសម្តីនិយាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនដែលមានវ័យកាន់តែ ចំណាស់ ប៉ុន្តែលោកបានព្យាយាមស្វែងរកការកាន់អំណាចមួយអាណត្តិទៀត។ លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំហើយ។ បើសិនជាលោកអាចឈ្នះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤បន្តទៀតនេះ គឺលោកនឹងត្រូវចូលក្នុងវ័យ ៨២ ឆ្នាំ ប៉ុន្តែយោងតាមការស្ទង់មតិ, ពលរដ្ឋអាមេរិកាំងជាច្រើនបានបារម្ភនឹងវ័យចំណាស់របស់លោក ដោយសារតែគេបានឃើញភាពភ្លាំងភ្លាត់ខ្លះបានកើតឡើងក្នុងពេលដែលលោកកំពុងកាន់កាប់តំណែងក្នុងអាណត្តិទី១នេះ។
បណ្តាសារព័ត៌មានលើពិភពលោក បានផ្សាយច្រំដែលដោយបង្ហាញភាពភ្លាំងភ្លាត់នូវសម្តីរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលនិយាយថាមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងចាញ់សង្គ្រាមនៅអ៊ីរ៉ាក់ ដែលតាមពិតគឺលោកចង់និយាយថានៅក្នុងប្រទេសអ៊ុយក្រែននោះទៅវិញទេ។ ភាពភ្លាំងភ្លាត់នេះបានកើតឡើងក្នុង ពេលដែលលោក ចូ បៃដិនអាយុ ៨០ឆ្នាំទៅហើយនោះ បានត្រៀមខ្លួនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតខែវិច្ឆិ កាឆ្នាំ ២០២៤។ ប៉ុន្តែសម្តីភ្លាំងភ្លាត់ដែលលោកបានធ្វើជាបន្តបន្ទាប់ ត្រូវគេគិតថាលោកនឹងមិនអាចក្លាយជាប្រធានាធិបតីដ៏រឹងមាំទៀតបានទេបើសិនជាលោក បានជាប់សាជាថ្មីក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤។
បណ្តាញសារព័ត៌មានលើពិភពលោក នៅថ្ងៃទី២៩ ខែមិថុនា បានលើកយកកំហុសភ្លាំងភ្លាត់មួយទៀតរបស់លោកដែលចង់បញ្ជាក់ថា លោកកាន់តែមានវ័យចំណាស់ មិនអាចគ្រប់គ្រងកិច្ចការក្នុងរដ្ឋាភិបាលអាមេរិកឡើយ។ លោក ចូ បៃដិន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែមិថុនា មុនពេលចាក ចេញពីសេតវិមានក្នុងដំណើរទៅកាន់ទីក្រុង Chicago។ លោក បៃដិន ត្រូវបានអ្នកសារព័ត៌មានសួរថាតើលោក ពូទីន បានចុះខ្សោយមែនដែរ ឬទេដោយសារអំពើ បះបោររយៈពេលខ្លីដឹកនាំដោយមេទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលជាក្រុមបានប្រយុទ្ធជាមួយអ៊ុយក្រែននោះ? លោក ចូ បៃដិនបានថ្លែងថា «វាពិតជាពិបាក និយាយមែន ប៉ុន្តែគាត់ច្បាស់ជាចាញ់សង្រ្គាមនៅអ៊ីរ៉ាក់»។ លោក ចូ បៃដិនបានថ្លែងទៀតថា «លោកពូទីនចាញ់សង្រ្គាមនៅក្នុងស្រុក ហើយគាត់បានក្លាយជាមនុស្ស ដែលគេស្អប់ Pariah នៅជុំវិញពិភពលោក»។ លោក ចូ បៃដិន បាននិយាយបន្តទៀតថា «វាមិនមែនត្រឹមតែអង្គការណាតូឬសហភាពអឺរ៉ុបនោះទេ, សូម្បីតែប្រទេស ជប៉ុនក៏ដោយ»។ លោកបញ្ជាក់ថា មានដល់ទៅចំនួន៤០ប្រទេសឯនោះដែលគេមិនចូលចិត្តលោក ពូទីន។
អ្វីដែលលោក ចូ បៃដិន បាននិយាយអំពីប្រទេសអ៊ីរ៉ាក់នោះ គឺដោយសារតែសហរដ្ឋអាមេរិក ធ្លាប់បានប្រព្រឹត្តសកម្មភាពឈ្លានពានរបស់ខ្លួននៅទីនោះ។ អ៊ីរ៉ាក់គឺជា ប្រទេសមួយស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាដែលត្រូវបានសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធចូលលុកលុយឈ្លានពានក្នុងឆ្នាំ២០០៣ ដោយចោទថាអ៊ីរ៉ាក់ជាប្រទេសមាន អាវុធប្រល័យលោក។ ប៉ុន្តែ ក្រោយសង្គ្រាមបានបំផ្លិចបំផ្លាញប្រទេសនោះខ្ទេចខ្ទីមក មិនមានសេចក្តីរាយការណ៍ការរកឃើញនូវអាវុធប្រល័យលោកនោះឡើយ។សង្គ្រាមអ៊ីរ៉ាក់បានចប់ក្នុងខែធ្នូ ឆ្នាំ២០១១ ក្រោយការដកកម្លាំងទ័ពអាមេរិកចេញទាំងស្រុងពីប្រទេសអ៊ីរ៉ាក់នោះ ក្នុងជំនាន់គ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។
សម្តីរអិលមាត់ដែលមានអាការៈភ្លាំងភ្លាត់នេះ មិនមែនជាលើកទី១ទេ។ កាលពីយប់ថ្ងៃអង្គារ៍ ទី២៧ ខែមិថុនា, លោក បៃដិន បានកែតម្រូវខ្លួនឯងនៅក្នុងព្រឹត្តិការណ៍ រៃអង្គាសប្រាក់ សម្រាប់យុទ្ធនាការមួយដែលលោកបាននិយាយសំដៅទៅលើប្រទេសចិន ដែលតាមពិតគឺជាប្រទេសឥណ្ឌា ក្នុងហេតុការណ៍ដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានធ្វើទស្សនកិច្ចនៅសេតវិមានកាលពីមួយសប្តាហ៍មុននោះ។ លោក ចូ បៃដិន បាននិយាយក្នុងពេលនោះថា «អ្នកប្រហែលជាបានឃើញ មិត្តល្អបំផុតរបស់ខ្ញុំ គឺនាយករដ្ឋមន្រ្តីនៃប្រទេសតូចមួយដែលឥឡូវនេះធំជាងគេនៅលើពិភពលោក គឺប្រទេសចិន» ប៉ុន្តែភ្លាមនោះលោកបាននិយាយសុំទោសភ្លាមៗថា លោកចង់មានន័យថាជាប្រទេសឥណ្ឌានោះទេ។
លោក ចូ បៃដិនបាននិយាយថា «ឥណ្ឌាមិនស្វែងរកសម្ព័ន្ធភាពអចិន្រ្តៃយ៍ទេ ប៉ុន្តែពួកគេកំពុងស្វែងរកវិធីការពារខ្លួននៅក្នុងតំបន់»។ ភាពភ្លាំងភ្លាត់សម្រាប់ប្រធានាធិបតី ដែលមានវ័យ៨០ឆ្នាំនេះ គឺមិនមែនជារឿងធម្មតាឡើយ។ លោក ចូ បៃដិន កាលពីខែវិច្ឆិកាឆ្នាំមុន លោកក៏ធ្លាប់បាននិយាយច្រឡំរឿងអ៊ីរ៉ាក់ និងអ៊ុយក្រែន ច្របូកច្របល់ គ្នាក្នុងការថ្លែងសុន្ទរកថាមួយក្នុងរដ្ឋ Florida ខណៈពេលដែលការពារគោលនយោបាយរបស់លោកដែលរងការចោទប្រកាន់ថាបាននាំឱ្យមានអតិផរណា។ លោក ចូ បៃដិន បាននិយាយក្នុងពេលនោះថា «អតិផរណាគឺជាបញ្ហាទូទៅរបស់ពិភពលោកពីព្រោះដោយសារតែមានសង្គ្រាមអ៊ីរ៉ាក់និងផលប៉ះទង្គិចលើប្រេង និងអ្វីដែលរុស្ស៊ី កំពុងបានធ្វើ»។
ប៉ុន្តែ លោកបានប្រញាប់កែមកវិញភ្លាមថា សង្គ្រាមក្នុងអ៊ុយក្រែន។ លោក ចូ បៃដិនបានពន្យល់ក្នុងពេលនោះវិញថាអ្វីដែលលោកបានភ្លាត់មាត់និយាយអ៊ីរ៉ាក់ដោយសារ ចេះតែគិតរឿងដែលមានកូនប្រុសម្នាក់របស់លោកបានបាត់បង់ជីវិតក្នុងប្រទេសអ៊ីរ៉ាក់។ ការរំលឹកដល់កូនប្រុសឈ្មោះ Beau Biden របស់លោកដែលបានបាត់បង់ជីវិត នោះត្រូវគេរាយការណ៍ថា លោក ចូ បៃដិន បានបង្ហាញភាពច្រឡំអំពីកន្លែងបាត់បង់ជីវិតថែមទៀត។ កូនប្រុសរបស់លោកគឺ Beau Biden បានបំរើកិច្ចការជាមេធាវី យោធា ក្នុងប្រទេសអ៊ីរ៉ាក់។ លោក Beau Biden បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅក្នុងឆ្នាំ២០០៩ និងលោកបានស្លាប់ដោយសារជម្ងឺមហារីកខួរក្បាល នៅក្នុងឆ្នាំ២០១៥។ លោកប្រធានាធិបតីអាមេរិកជឿថាការកើតជម្ងឺមហារីកខួរក្បាលដាក់លើកូនប្រុសរបស់លោកគឺដោយសារតែការដុតរណ្តៅដែលគ្មានគម្របបិទបាំង ក្នុងពេលដែលកូនប្រុសនោះកំពុងធ្វើការក្នុងប្រទេសអ៊ីរ៉ាក់។
ការដុតរណ្តៅកាកសំណល់សម្រាមយោធានៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវគេរាយការណ៍ថាបានបង្កគ្រោះថ្នាក់ដោយសារតែផ្សែងពុលបង្កឱ្យប៉ះពាល់សុខភាព។ ការផ្សាយអំពី ភាពភ្លាំងភ្លាត់នៃពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមានវ័យចំណាស់នេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវគេចាត់ទុកថាជាការបារម្ភមួយខ្លាចក្រែង មានកំហុសដែលអាចកើតឡើងចំពោះពិភពលោកដោយសារតែបទបញ្ជាមិនច្បាស់លាស់បង្កការភ័ន្តច្រឡំខណៈដែលភាពតានតឹងបាននិងកំពុងកើតឡើងដោយសារការ ប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចសកលលោក។ វ័យចំណាស់របស់លោកចូបៃដិនក្នុងការដែលលោកចង់បន្តគ្រប់គ្រប់ពិភពលោកនេះ ត្រូវបានសារព័ត៌មាន ចេញផ្សាយជាច្រើនដងក្នុងនោះរួមមានទាំងពេលដែលលោកបានទន់ជង្គង់ និងដួលក្នុងពិធីប្រគល់សញ្ញាបត្រដល់បណ្ឌិតសភាកងកម្លាំងអាមេរិកក្នុងរដ្ឋ Colorado កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ផងដែរ។
សេចក្តីរាយការណ៍ប៊ីប៊ីស៊ីពេលនោះបានដកស្រង់ការស្ទង់មតិដែលបង្ហាញថា អ្នកបោះឆ្នោតអាមេរិកភាគច្រើនមានក្តីព្រួយបារម្ភអំពីអាយុកម្រិតខ្ពស់របស់លោក ចូ បៃដិន។ លោកនឹងមានអាយុដល់ ៨២ឆ្នាំនៅដើមអាណត្តិទីពីរ ប្រសិនបើលោកអាចឈ្នះការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២៤។ ការស្ទង់មតិសាធារណៈក្រោយមក បានបង្ហាញទៀតថាប្រជាជនអាមេរិកភាគច្រើននៅតែមានការព្រួយបារម្ភអំពីអាយុកាន់តែចាស់របស់លោក បៃដិន។ ការស្ទង់មតិរវាងពីថ្ងៃទី២១ដល់ទី២៤ ខែមេសា បាន បង្ហាញថាមនុស្ស ៧៣ភាគរយគិតថាលោក ចូ បៃដិនមានវ័យកាន់តែចាស់ដែលមិនអាចកាន់កាប់ក្នុងតំណែងនៅរដ្ឋាភិបាលអាមេរិកបានទៀតនោះទេ។ មតិភាគច្រើន ដល់៦៣ភាគរយនៃគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិននោះទៀត ក៏ទទួលស្គាល់នូវការស្ទង់មតិនោះ ដែរ។ ទោះជាយ៉ាងណាក៏ដោយ វេជ្ជ បណ្ឌិត របស់លោក JoeBiden បានប្រកាសកាលពីខែ កុម្ភៈកន្លងមកថាលោកចូបៃនៅ មានសុ ខភាព ល្អ និង «ស័ក្តិសមក្នុងការបំពេញកាតព្វកិច្ច» នៅឡើយបន្ទាប់ពីបានពិនិត្យរាងកាយ របស់លោកនោះមក៕