(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកមិនមានមន្ទិលសង្ស័យអ្វីបន្តិចឡើយ ចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋរុស្ស៉ី កំលុងការបះបោររបស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។
«ខ្ញុំគ្មានការសង្ស័យទេអំពីប្រតិកម្មរបស់ប្រជាជននៅតំបន់ ដាហ្កេស្ថាន (Dagestan) និងនៅទូទាំងប្រទេស»។ លោក ពូទីន បាននិយាយយ៉ាងដូច្នេះ នៅពេលលោកបានជួបជាមួយលោក សឺហ្គៃ មេលីកូវ (Sergei Melikov) ជាមេដឹកនាំតំបន់ Dagestan ដែលស្ថិតនៅជាប់ប្រទេសហ្សកហ្ស៉ីនិងអាស៊ែបៃសង់។ លោកប្រធានាធិបតីរុស្ស៉ី បានឆ្លើយតបបែបនោះទៅកាន់ លោក មេលីកូវ ដែលបានលើកឡើងថា ពុំមានបុគ្គលណាម្នាក់នៅតំបន់ Dagestan ដែលមិនគាំទ្រការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៉ីនោះឡើយ ជុំវិញការបះបោរដែលត្រូវបាន ក្រុមហ៊ុន Wagner បោះបង់ចោលទៅវិញ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន កងកម្លាំង Wagner រាប់ម៉ឺននាក់ បានធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរុស្ស៉ី ប៉ុន្តែលោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាថៅកែក្រុមទាហានស៉ីឈ្នួលនេះ បានបញ្ជាឱ្យបោះបង់សកម្មភាពបះបោររបស់ពួកគេវិញ ក្រោយឈានដល់កិច្ចព្រមព្រៀង ជាមួយវិមានក្រឹមឡាំង ក្រោមការសម្រុះសម្រួលរបស់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកានសិនកូ (Aleksandr Lukashenko)។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ព្រីហ្គោហ្ស៉ីន បានទៅដល់បេឡារុស ដើម្បីរស់នៅដោយនិរទេសខ្លួន តាមការព្រមព្រៀងខាងលើ។
ទោះមានរយៈពេលខ្លីក៏ដោយ សកម្មភាពបះបោររបស់ក្រុមទាហានស៉ីឈ្នួល Wagner ត្រូវបានអន្តរជាតិមើលឃើញថា គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់លោក ពូទីន គិតចាប់តាំងតែពីលោក បានឡើងកាន់អំណាចនៅប្រទេសរុស្ស៉ី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩៕