(រីយ៉ាដ)៖ ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា មានករណីបាញ់ប្រហារមួយបានកើតឡើង នៅក្រៅស្ថានអគ្គកុលស៊ុលអាមេរិកប្រចាំនៅទីក្រុងចេដដា (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានផ្តាច់ជីវិតមនុស្សចំនួន២នាក់ ក្នុងនោះម្នាក់ជាឆ្មាំសន្តិសុខរបស់ស្ថានកុលស៊ុល និងម្នាក់ទៀតជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ប៉ូលិសអារ៉ាប៊ីសាអូឌីតបាននិយាយថា បុគ្គលម្នាក់ដែលជិះក្នុងរថយន្ត បានឈប់នៅក្រៅអគារស្ថានអគ្គកុលស៊ុលរបស់អាមេរិក ក្នុងទីក្រុង Jeddah ហើយបានចុះចេញពីរថយន្ត ដោយមានកាំភ្លើងនៅក្នុងដៃ។ បន្ទាប់មក ជននោះក៏បានធ្វើសកម្មភាពបាញ់ប្រហារ ហើយកងកម្លាំងសន្តិសុខ ក៏បានធ្វើការបាញ់ឆ្លើយតបវិញភ្លាមៗ ដែលជាលទ្ធផល បណ្តាលឱ្យខ្មាន់កាំភ្លើងបាត់បង់ជីវិត។ បើតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ឆ្មាំសន្តិសុខម្នាក់ជាជនជាតិនេប៉ាល់ ក៏បានស្លាប់ផងដែរ ដោយរូបគេគឺជាសមាជិក នៃកងសន្តិសុខឯកជនរបស់ស្ថានកុងស៊ុលអាមេរិក។

ក្រោយមក ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា ពុំមានពលរដ្ឋអាមេរិកណាម្នាក់ បានរងគ្រោះថ្នាក់ ក្នុងការប៉ះទង្គិចគ្នា​នោះឡើយ ខណៈស្ថានទូតនិងស្ថានកុលស៊ុលអាមេរិក បន្តរក្សាការទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ស្របពេលដែលពួកគេកំពុងស៉ើបអង្កេត​លើករណីនេះ។

គួរបញ្ជាក់ថា​ ស្ថានអគ្គកុលស៊ុលអាមេរិកខាងលើ ក៏ធ្លាប់ជាគោលដៅនៃអំពើហិង្សានាពេលកន្លងមកផងដែរ រួមមានទាំងកាលពីឆ្នាំ២០១៦ និងឆ្នាំ២០០៤។ នៅឆ្នាំ២០១៦ កងកម្លាំងសន្តិសុខ បានប្រទះឃើញបុគ្គលគួរឱ្យសង្ស័យម្នាក់ នៅក្បែរទីចំណតរថយន្តរបស់មន្ទីរពេទ្យមួយ នៅទល់មុខស្ថានកុល។ នៅពេលដែលពួកគេដើរសំដៅទៅរក បុគ្គលម្នាក់នោះ ជនសង្ស័យក៏បានបំផ្ទុះគ្រាប់បែកបំពាក់ជាប់ខ្លួន ជាហេតុនាំខ្លួនឯងស្លាប់ ហើយ​បណ្តាលឱ្យមនុស្ស ២នាក់ផ្សេងទៀតរងរបួស។

រីឯនៅឆ្នាំ២០០៤ ក្រុមមនុស្ស៥នាក់ បានសម្រុកចូលក្នុងស្ថានកុលស៊ុលអាមេរិកនៅទីក្រុង Jeddah ដោយប្រដាប់នូវអាវុធនិងគ្រឿងផ្ទុះ។ កងសន្តិសុខអារ៉ាប៊ីសាអូឌីត៤នាក់ ត្រូវបានសម្លាប់នៅក្រៅទីនោះ ហើយបុគ្គលិក៥ម្នាក់ ត្រូវបានសម្លាប់នៅខាងក្នុង។ មិនតែប៉ុណ្ណោះ បុគ្គលិកនិងអ្នកទៅស្នើទិដ្ឋាការសរុប១៨នាក់ ក៏ត្រូវបានយកធ្វើជាចំណាប់ខ្មាំង រយៈពេលខ្លីផងដែរ មុនពេលកងកម្លាំងអារ៉ាប៊ីសាអូឌីត​ទៅដល់។ ជនដៃដល់៣នាក់ ក្នុងចំណោម៥នាក់ បានស្លាប់នៅកន្លែងកើតហេតុ ខណៈ២នាក់បានរងរបួស។ កាលពីក្នុងឆ្នាំ២០១៣ តុលាការអារ៉ាប៊ីសាអូឌីតបានកាត់ទោសប្រហារជីវិតបុរសម្នាក់ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារឆ្នាំ២០០៤ និងដាក់ពន្ធនាគារមនុស្ស ១៩នាក់ផ្សេងទៀត រយៈពេល២៥ឆ្នាំ។ ការវាយប្រហារពេលនោះ ត្រូវបានទម្លាក់កំហុសទៅលើក្រុមអាល់កៃដា៕