(ហូនីយ៉ារ៉ា)៖ នាយករដ្ឋមន្រ្តីប្រទេសដែនកោះសូឡូម៉ុន (Solomon Islands) នៃតំបន់ប៉ាស៉ីហ្វិក បានស្នើឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើសន្ធិសញ្ញាសន្តិសុខរវាងប្រទេសលោក ជាមួយប្រទេសអូស្រ្តាលី ក្នុងគ្រាដែលការប្រកួតប្រជែងឥទ្ធិពលគ្នា កំពុងកើនឡើងនៅក្នុងតំបន់នេះ រវាងចិនហើយនិងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធរបស់មិត្តអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមការិយាល័យនាយករដ្ឋមន្រ្តីសូឡូម៉ុន លោកនាយករដ្ឋមន្រ្តី ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) នៅឯទីក្រុងហូនីយ៉ារ៉ា (Honiara)។ លោក ម៉ាល ស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅស៉ូឡូម៉ុន សម្រាប់កិច្ចពិភាក្សាជុំវិញប្រធានបទសន្តិសុខ ហើយវាកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោក សូហ្កាវ៉ារេ ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។
អូស្រ្តាលី គឺជាអ្នកបរិច្ចាគជំនួយធំមួយរបស់សូឡូម៉ុន ហើយមានទំនាក់ទំនងសន្តិសុខរយៈពេលរាប់ទសវត្សរ៍ ជាមួយប្រទេសដែនកោះប៉ាស៉ីហ្វិកនេះ។ កាលពីឆ្នាំ២០២១ ទីក្រុងកង់បេរ៉ាបានចល័តកងទ័ពមកកាន់សូឡូម៉ុន តាមសំណើរបស់ទីក្រុងហូនីយ៉ារ៉ា ក្រោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ការដាក់ពង្រាយកងទ័ពអូស្រ្តាលីពេលនោះ ស្ថិតក្រោមក្របខណ្ឌនៃសន្ធិសញ្ញាសន្តិសុខឆ្នាំ២០១៧ រវាងអូស្រ្តាលីនិងសូឡូម៉ុន ដែលអនុញ្ញាតឱ្យប៉ូលិសនិងសមាជិកយោធាអូស្រ្តាលី អាចត្រូវបញ្ជូនយ៉ាងឆាប់រហ័ស មកកាន់សូឡូម៉ុនក្នុងពេលចាំបាច់ ហើយមានការឯកភាពពីប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអូស្រ្តាលី កើតមានចំពេលដែលក្តីបារម្ភកំពុងកើនឡើង នៅអូស្រ្តាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ជុំវិញមហិច្ឆតារបស់ទីក្រុងប៉េកាំងនៅប៉ាស៉ីហ្វិក ជាតំបន់ដែលមានសារសំខាន់ខ្លាំងផ្នែកយុទ្ធសាស្រ្ត។ កាលពីឆ្នាំទៅ លោក សូហ្កាវ៉ារេ បានចុះកិច្ចព្រមព្រៀងសន្តិសុខមួយ ជាមួយចិន ហើយលោកត្រូវគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ៕