(ញូដេលី)៖ កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងរបស់ខ្លួន១គ្រឿង ត្រូវបានបញ្ជូនឆ្ពោះទៅកាន់​ប្រទេសវៀតណាម ដើម្បីជាអំណោយ ខណៈវាគឺជានាវាចម្បាំងដំបូងបំផុត ដែលឥណ្ឌាបានផ្តល់ឱ្យប្រទេសដទៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ឥណ្ឌានិងវៀតណាម បានងាកមកផ្តោតលើការពង្រឹងចំណងទាក់ទងរវាងគ្នា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសពាក់ព័ន្ធវិស័យ​ការពារជាតិ ស្របពេលដែលប្រទេសទាំងពីរ សុទ្ធតែមានក្តីបារម្ភដូចគ្នា ជុំវិញការកើនឡើងឥទ្ធិពលរបស់ចិន។ កងទ័ពជើងទឹកឥណ្ឌា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការផ្តល់នាវាចម្បាំង INS Kirpan ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញារបស់ឥណ្ឌា ដើម្បីជួយបណ្តាដៃគូដែលមានចិត្តគំនិតដូចគ្នា ពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ នេះជាឱកាសដំបូងបង្អស់នៃការផ្តល់អំណោយជា នាវាចម្បាំងដែលនៅមានសមត្ថភាពធ្វើប្រតិបត្តិការពេញលេញ ពីសំណាក់ឥណ្ឌា ទៅកាន់ប្រទេសដទៃដែលជាមិត្ត»

ទីក្រុងញូដេលី បានប្រកាសពីគម្រោងផ្តល់អំណោយនាវាចម្បាំងដល់វៀតណាម នៅពេលដែលរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក ហ្វាន់ វ៉ាន់ហ្សាង (Phan Van Giang) បានមកបំពេញទស្សនកិច្ច កាលពីពេលកន្លងទៅក្នុងខែមិថុនានេះ។ កងទ័ពជើងទឹកឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់ នាវាចម្បាំង Kirpan តាំងតែពីឆ្នាំ១៩៩១មក ហើយវាត្រូវបានរចនានិងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ នាវាចម្បាំងនេះ មានបំពាក់នូវកាំភ្លើងយន្តរយៈចម្ងាយខ្លី ហើយនិងរយៈចម្ងាយមធ្យម រួមជាមួយមីស៉ីលសម្រាប់បាញ់ទៅរកគោលដៅលើផ្ទៃដីឬផ្ទៃទឹក ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ថា ការប្រគល់ឱ្យវៀតណាម មានភ្ជាប់មីស៉ីលទៅជាមួយវា​ដែរឬអត់ទេ។

គួរបញ្ជាក់ថា ពីមុនមក ឥណ្ឌាធ្លាប់់បានផ្តល់នាវាល្បាតខ្នាតតូចៗ ហើយនិងសម្ភារយោធាឱ្យទៅប្រទេសផ្សេងៗ ដូចជាម៉ាល់ឌីវ (Maldives) និងម៉ូរីស (Mauritius) ជាដើម ព្រមទាំងនាវាមុជទឹកមួយគ្រឿង ឱ្យទៅមីយ៉ាន់ម៉ា៕