(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានរួចផុតពីការបះបោរប្រឆាំងនឹងអំណាចដឹកនាំរបស់លោក បន្ទាប់ពីមនុស្សម្នាក់ដែលធ្លាប់តែជាមនុស្សជំនិត របស់លោក គឺមេទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន យល់ព្រមបោះបង់ចោលការបះបោរប្រដាប់អាវុធកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក៏ប៉ុន្តែថាតើ វិបត្តិមួយនេះនឹងជះឥទ្ធិពលកម្រិតណាដល់អំណាចរបស់លោក ពូទីន ក្នុងប្រទេសរុស្ស៉ី នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ចំណែក ហានិភ័យសម្រាប់ចិន ក៏មានកម្រិតខ្ពស់ផងដែរ ដោយសារតែការវិនិយោគយ៉ាងធំសម្បើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងទំនាក់ទំនងជាមួយលោក ពូទីន ព្រមទាំង ភាពមិនច្បាស់លាស់នៃអនាគតរបស់រុស្ស៉ី សង្រ្គាមនៅអ៊ុយក្រែន និងបរិយាកាសយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងតំបន់កែ្បររបងផ្ទះរបស់ចិន។

* អ្វីទៅជាគ្រោះថ្នាក់សម្រាប់ចិន?

នៅក្នុងភាសាអ្នករកស៊ី ការបោះទុនរកស៊ីកាន់តែធំ អាចចំណេញមកវិញកាន់តែច្រើន តែក៏អាចខាតបង់រហូតដល់អស់ពីខោដូចគ្នា។ នៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ទីក្រុងប៉េកាំងបានបោះទុនវិនិយោគយ៉ាងស្បើម ក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី។ ដ្បិត ចិនមើលឃើញថារុស្ស៉ីជាដៃគូតែមួយគត់ដែលជួយខ្លួនបាន ក្នុងការប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក ហើយអាចសើរើឡើងវិញនូវអ្វីដែលមហាអំណាចទាំង២នេះមើលឃើញ នោះគឺ «សណ្ដាប់ធ្នាប់គ្រប់គ្រងពិភពលោកតាមបែបលោកខាងលិច»។ ក្រៅពីទំនាក់ទំនងប្រទេស និងប្រទេស លោក ពូទីន និងលោក ស៊ី ជិនពីង ក៏មានទំនាក់ទំនង ស្អិតល្មួតនឹងគ្នាដែរ ដោយមេដឹកនាំទាំង២ បានជួបគ្នាដោយផ្ទាល់រាប់សិបលើក រហូតឈានដល់ការចុះកិច្ចព្រមព្រៀងលើ «ភាពជាដៃគូគ្មានព្រំដែន»។

ក្ដីកង្វល់ដ៏ធំដំបូងគេបំផុតរបស់ទីក្រុងប៉េកាំង គឺការបារម្ភខ្លាចថាជម្លោះ ឬភាពចលាចលទ្រង់ទ្រាយធំណាមួយក្នុងប្រទេសរុស្ស៉ីដែលមានព្រំដែនគោកជាប់គ្នាប្រវែងជាង ៤,១៨៤គីឡូម៉ែត្រ អាចនឹងរាលដាលធ្លាយចូលក្នុងទឹកដីចិន ឬប្រទេសក្នុងតំបន់ដែលមានព្រំដែនជាប់ចិន។ ម្យ៉ាងវិញទៀត ខណៈក្រុមមន្ត្រីអាមេរិកកំពុងតាមដាន សន្តិសុខនុយក្លេអ៊ែររបស់រុស្ស៉ី ថ្នាក់ដឹកនាំចិនក៏កំពុងខ្វល់ខ្វាយដែរពីសុវត្ថិភាពអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ព្រោះអសន្តិសុខអាវុធនុយក្លេអ៊ែរ នឹងបង្កការគំរាមកំហែង យ៉ាងធំដល់សន្តិសុខជាតិចិន។ លើសពីកង្វល់ផ្នែកសន្តិសុខ អ្វីដែលចិនកំពុងរង់ចាំអ៊ុតមើល នោះគឺថាតើការបះបោរមិនបានសម្រេចរបស់ទាហាន Wagner នឹងជះឥទ្ធិពលកម្រិតណាដល់អនាគតរុស្ស៉ី ដែលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់រួចទៅហើយដោយសារតែសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន និងទណ្ឌកម្មរបស់ បណ្ដាប្រទេសលោកខាងលិច។ ជាងមួយឆ្នាំកន្លះមកនេះ មុខមាត់របស់ចិនក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច និងទំនាក់ទំនងជាមួយលោកខាងលិចរងប៉ះពាល់ ធ្ងន់ធ្ងរ ដោយសារតែទីក្រុងប៉េកាំងជ្រើសរើសយកការបង្កើនការពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី។

ការបះបោររបស់ទាហាន Wagner ត្រូវបានលោកខាងលិចចាត់ទុកថាបង្ហាញពីភាពទន់ខ្សោយរបស់លោក ពូទីន ដែលកំពុងបង្កឱ្យមានការសង្ស័យថា «តើទំនាក់ទំនង យុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តទន់ខ្សោយដូចជាលោក ពូទីន ឬក៏រុស្ស៉ីដែលទន់ខ្សោយ វានឹងក្លាយជាបន្ទុកមួយ ឬក៏បន្ថែមផលប្រយោជន៍សម្រាប់ចិន?» ដូច្នេះលោក ស៊ី ជិនពីង អាចនឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់លោក ពូទីន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬខែខាងមុខ។

* តើចិនបានបញ្ចេញប្រតិកម្មបែបណា?

ទីក្រុងប៉េកាំង នៅតែបន្តប្រុងប្រយ័ត្ន និងរក្សាភាពស្ងៀមស្ងាត់ ចំពោះស្ថានការណ៍ក្នុងប្រទេសរុស្ស៉ី។​ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាន់ដ្រៃ រូដិនកូ (Andrei Rudenko) បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា​ ចៅហ្ស៊ូ (Ma Zhaoxu)។ ក្រសួងការបរទេសចិន បានពិព័ណ៌នាយ៉ាងសមាញ្ញថាជំនួបនោះ គឺជាការផ្ដោះប្ដូរយោបល់លើ ទំនាក់ទំនងចិន និងរុស្ស៉ី ព្រមទាំងបញ្ហាអន្តរជាតិ និងនៅក្នុងតំបន់។ បន្ថែមពីលើនេះ ក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយមានត្រឹម ២បន្ទាត់ប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថាការបះបោររបស់ទាហាន Wagner ជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី និងបានបង្ហាញការគំាទ្ររបស់ចិនចំពោះរុស្ស៉ី ក្នុងការថែរក្សាស្ថិរភាពជាតិ ការអភិវឌ្ឍ និងភាពរុងរឿង។

* តើចិននឹងជួយពង្រឹងការក្ដាប់អំណាចរបស់លោក ពូទីន ឬ?

ទីក្រុងប៉េកាំង មិនបានរិះគន់ដោយបើកចំហលើលោក ព្រីហ្គោហ្ស៉ីន ឬក៏បង្ហាញការគាំទ្រដោយផ្ទាល់ដល់លោក ពូទីននោះទេ។ ដូច្នេះគេមានតែត្រូវរង់ចាំមើលសិនថាតើ លោក ស៊ី ជិនពីង នឹងបង្ហាញការគាំទ្រផ្ទាល់ខ្លួនសម្រាប់លោក ពូទីន នៅប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខដែរឬក៏យ៉ាងណា? ប៉ុន្តែ មើលទៅទាំងលោក ស៊ី ជិនពីង និងរដ្ឋាភិបាលចិនទំនងជានឹងមិនលូកដៃចូលជ្រៅ (ជាសាធារណៈ) ក្នុងស្ថានការណ៍នយោបាយរុស្ស៉ីនោះទេ ក្រោមហេតុផលចំនួន២។ ទី១៖ ទីក្រុងប៉េកាំងមិនចង់បង្ក ឱ្យមានភាពល្អក់កករជាមួយប្លុកអ្នកនយោបាយរុស្ស៉ីទាំងអស់ ឬអ្នកដែលអាចនឹងឡើងមកបន្តវេនពីលោក ពូទីន ក្នុងករណីដែលលោក ពូទីន ពិតជាអស់អំណាចមែន នោះទេ។ ចំណែក ហេតុផលទី២ គឺ៖ ចិននឹងព្យាយាមបង្ហាញប្រាប់ពិភពលោកពីជំហររបស់ខ្លួនក្នុងនាមជារដ្ឋមួយដែលមិនលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ដែលជំហរនេះទទួលបានការគាំទ្រពីបណ្ដាប្រទេសមិនមែនលោកខាងលិច។

ពិតណាស់ ទីក្រុងប៉េកាំងមិនចង់ឃើញលោក ពូទីន អស់អំណាច ឬផ្ទៃក្នុងរុស្ស៉ីចលាចល។ តែទោះជាបែបនេះក្ដី ចិនទំនងជានឹងមិនចាត់វិធានការខ្លាំងក្លាដើម្បីជួយ វិមានក្រឹមឡាំងទេ ប្រសិនបើការជួយនេះអាចនឹងបំផ្លាញធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិរបស់ចិន ហើយនេះគឺជាអ្វីដែលចិនកំពុងធ្វើដើម្បីបញ្ចៀសកុំឱ្យជាប់ទណ្ឌកម្ម សេដ្ឋកិច្ចពីសំណាក់លោកខាងលិច តាមរយៈការមិនផ្ដល់ជំនួយយោធា ឬអាវុធសម្រាប់រុស្ស៉ីបន្តឈ្លានពានអ៊ុយក្រែន។ ក្នុងករណីដែលជម្លោះស៊ីវិលកើតឡើងក្នុងប្រទេស រុស្ស៉ីសាជាថ្មី នោះរដ្ឋាភិបាលចិនអាចនឹងរក្សាការទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ដើម្បីបញ្ជាក់ថាទំនាក់ទំនងរវាងចិន និងរុស្ស៉ីមិនមានការប្រែប្រួលឡើយ ក៏ដូចជានឹងបន្តធ្វើពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ តាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ចិនទំនងជានឹងមិនផ្ដល់ការគាំទ្រខ្លាំងក្លា ដូចជាការបញ្ជូនកងទ័ពចិនឱ្យទៅជួយលោក ពូទីននោះទេ ហើយប្រសិនបើលោក ពូទីន បាត់បង់អំណាចភ្លាមៗ ទីក្រុងប៉េកាំងប្រហែលជានឹងផ្ដល់សិទ្ធិជ្រកកោនដល់លោក ពូទីន ដូចដែលចិនធ្លាប់បានផ្ដល់ឱ្យ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ​នរោត្តមសីហនុក្នុងឆ្នាំ១៩៧០។ តែមើលទៅ វាពិតជាពិបាកស្រមៃណាស់ដែលមនុស្សដូចជាលោក ពូទីន ចង់រស់នៅក្រោមស្រមោល របស់ចិន។

* តើជំហររបស់ចិនចំពោះសង្រ្គាមអ៊ុយក្រែន អាចនឹងប្រែប្រួលទេ?

ខណៈទីក្រុងប៉េកាំងឈរនៅខាងរុស្ស៉ី តែទីក្រុងប៉េកាំងក៏បានព្រមានដែរប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បង្ហាញការព្រួយបារម្ភពីផលវិបាកនៃសង្រ្គាមលើ ជនស៊ីវិល និងអំពាវនាវឱ្យមានបទឈប់បាញ់។ លោក ស៊ី ជិនពីង អាចនឹងប្រើប្រាស់វិបត្តិនៅរុស្ស៉ី ដើម្បីបញ្ចុះញ្ចូលជាលក្ខណៈឯកជនឱ្យលោក ពូទីន ពិចារណាឡើងវិញ ក្នុងការបញ្ចៀសការខាតបង់បន្ថែមទៀត និងបន្ថយមហិច្ឆតារបស់លោកលើអ៊ុយក្រែន។ តែថាតើលោក ពូទីន នឹងពិចារណា ឬក៏ទទួលយកគំនិតរបស់លោក ស៊ី ជិនពីង ដែរឬក៏យ៉ាងណា វាជាបញ្ហាមួយផ្សេងទៀត។

*តើវិបត្តិនៅរុស្ស៉ី មានន័យបែបណាចំពោះចិន?

សុបិនអាក្រក់របស់គណបក្សកុម្មុយនិស្ដចិន គឺការប្រឈមមុខនឹងស្ថានការណ៍មួយដូចដែលរុស្ស៉ីបានជួបប្រទះកាលពីចុងសប្ដាហ៍កន្លងទៅ។ ដូច្នេះការបះបោររបស់ ទាហាន Wagner អាចនឹងជំរុញឱ្យគណបក្សកុម្មុយនិស្ដចិនកាន់តែពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួន និងមិនលើកលែងឱ្យដាច់ចំពោះជនណាដែលចង់ផ្ដួលរំលំ ឬបង្ក បញ្ហាដល់អំណាចដឹកនាំរបស់ខ្លួន។ ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិន នឹងពង្រឹងផងដែរនូវតម្រូវការចំាបាច់សម្រាប់គណបក្សក្នុងការគ្រប់គ្រងទីបញ្ជាការនានា កងទ័ព រំដោះប្រជាជនចិន និងគ្រប់វិស័យទាំងអស់។

អ្វីដែលចិនត្រូវធ្វើនៅពេលនេះគឺអង្គុយនៅឱ្យស្ងៀមរង់ចាំមើលកាលៈទេសៈ ហើយអ្វីដែលលោក ស៊ី ជិងពីងចង់បាន និងសង្ឃឹមបំផុត នោះគឺចង់ឃើញលោក ពូទីន បងើបចេញពីវិបត្តិមករភាពខ្លាំងឡើងវិញ ព្រមទាំងធានាឱ្យបានថារឿងបះបោរដែលកើតឡើងនៅរុស្ស៉ី នឹងមិនអាចឡើងជាដាច់ខាតក្នុងប្រទេសចិន៕