(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានប្រកាសពីការជ្រើសរើស បញ្ញវន្តអភិរក្សនិយមម្នាក់ និងជាអ្នករិះគន់ធ្ងន់ៗទៅលើ កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង ឱ្យឡើងកាន់តំណែងជារដ្ឋមន្រ្តីថ្មីនៃ​ក្រសួងបង្រួបបង្រួមជាតិ ដែលទទួលបន្ទុកចាត់ចែង ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ការតែងតាំងលោក គីម យុងហូ (Kim Yung Ho) ដែលជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ Sungshin កើតឡើងស្របពេលដែលលោក យូន បាននិងកំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិ ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅក្នុង​ប្រទេសកូរ៉េខាងជើង។ កាលពីខែមីនា ឆ្នាំនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា សហគមន៍អន្តរជាតិគួរតែមានការដឹងលឺ​ប្រសើរជាងមុន ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិនេះ គឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក យូន។ រដ្ឋមន្រ្តីដែលត្រូវបាន​តែងតាំងដោយប្រធានាធិបតី គឺត្រូវឆ្លងកាត់សវនាការនៅសភាកូរ៉េខាងត្បូង ប៉ុន្តែមិនតម្រូវឱ្យមានការអនុម័តផ្លូវការពីសភាឡើយ។ លោក គីម ដែលមានវ័យ៦៣ឆ្នាំ ក៏ធ្លាប់កាន់តួនាទីជា លេខាប្រធានាធិបតីទទួលបន្ទុកការបង្រួបបង្រួមជាតិ និងជាបេសកជនសិទ្ធិមនុស្ស នៅក្រោមរដ្ឋបាល របស់លោក លី ម្យុងបាក់ (Lee Myung Bak) និងរដ្ឋបាលលោកស្រី ផាក គឺនហេ (Park Geun Hye) ផងដែរ៕