(វ៉ាស៉ីនតោន)៖ នៅក្នុងការច្រឡំពាក្យសម្តីថ្មីមួយទៀត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែទទួលបរាជ័យក្នុងសង្រ្គាមនៅប្រទេសអ៉ីរ៉ាក់ នៅពេលដែលលោកចង់សំដៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលលោករៀបចាកចេញពីសេតវិមាន ក្នុងការធ្វើដំណើរមួយទៅកាន់ទីក្រុងឈីខាហ្គោ (Chicago) លោក បៃដិន ត្រូវបានគេសាកសួរថា តើលោក ពូទីន បានចុះទន់ខ្សោយដែរឬទេ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍បះបោររយៈពេលខ្លីថ្មីៗនេះ ដឹកនាំ​ដោយមេទាហានស៉ីឈ្នួលរុស្ស៉ី Wagner ដែលកងកម្លាំងបានចូលរួម ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបយ៉ាងដូច្នេះថា «វាពិបាកក្នុងការនិយាយឱ្យច្បាស់ណាស់។ ប៉ុន្តែអ្វីដែលជាក់ស្តែង គឺលោក ពូទីន កំពុងបរាជ័យក្នុងសង្រ្គាមនៅអ៉ីរ៉ាក់ ហើយក៏កំពុងតែចាញ់សង្រ្គាមនៅក្នុងប្រទេសខ្លួនឯងផងដែរ ខណៈនៅជុំវិញពិភពលោក លោក ពូទីន បានក្លាយជាបុគ្គលដែលហាក់លែងសូវមានអ្នករាប់រកតទៅទៀតហើយ ដោយវាមិនមែនតែអង្គការណាតូ (NATO) ឬសហភាពអឺរ៉ុបទេ គឺ​មានប្រទេសជាច្រើនទៀត ដូចជាជប៉ុនជាដើម»

ខាងលើគឺជាការនិយាយច្រឡំមាត់ជាលើកទីពីររបស់លោក ក្នុងចន្លោះពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានកែតម្រូវខ្លួនឯង កំលុងព្រឹត្តិការណ៍មួយ ដោយលោកនិយាយពីចិន នៅពេលលោកចង់សំដៅលើឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទើបតែបានមកបំពេញទស្សនកិច្ចនៅសេតវិមាន កាលពីមួយសប្តាហ៍មុន។

ពេលនោះ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នាប្រហែលជាបានឃើញ មិត្តភក្តិសម្លាញ់ថ្មីរបស់ខ្ញុំហើយ គឺនាយករដ្ឋមន្រ្តីនៃប្រទេសតូចមួយ ដែលឥឡូវជាប្រទេសធំបំផុតនៅលើពិភពលោក នោះគឺចិន... សូមទោសខ្ញុំចង់បានន័យថាឥណ្ឌា។ ឥណ្ឌាមិនកំពុងស្វែងរកសម្ព័ន្ធភាពអចិន្រ្តៃយ៍មួយនោះទេ ប៉ុន្តែពួកគេកំពុងស្វែងរកការការពារខ្លួននៅក្នុងតំបន់»

គួរបញ្ជាក់ថា ការនិយាយច្រឡំមាត់ សឹងតែក្លាយទៅជារឿងធម្មតាទៅហើយ សម្រាប់ប្រធានាធិបតីអាមេរិក ដែលមានវ័យ៨០ឆ្នាំរូបនេះ។ ការស្ទង់មតិនាពេលកន្លងមក បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមានក្តីបារម្ភអំពីអាយុរបស់លោក បៃដិន។ ទោះបែបនេះក៏ដោយ កាលពីខែកុម្ភៈ វេជ្ជបណ្ឌិតសេតវិមានបានប្រកាសថា លោក បៃដិន មានសុខភាពល្អរឹងមាំ ហើយអាចបំពេញភារកិច្ចបានដោយគ្មានបញ្ហា ក្រោយការពិនិត្យសុខភាពនិងរូបរាងកាយ។ លោក បៃដិន បានប្រកាសចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤​ ខណៈបើជាប់មួយអាណត្តិទៀត រូបលោកនឹងមានអាយុ៨៦ឆ្នាំ នៅពេលចប់អាណត្តិទីពីរ៕