(វ៉ាសូវី)៖ ក្រសួងការពារជាតិប៉ូឡូញបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ូឡូញទើបតែទទួលយកការប្រគល់រថក្រោះផលិត​ដោយសហរដ្ឋអាមេរិក Abrams មួយក្រុមដំបូង ស្របពេលដែលប្រទេសអឺរ៉ុបកណ្តាលមួយនេះ កំពុងព្យាយាមពង្រឹងសមត្ថភាពយោធា ចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋាភិបាលទីក្រុងវ៉ាសូវីបានបញ្ជាទិញរថក្រោះ Abrams សរុបចំនួន៣៦៦គ្រឿងពីអាមេរិក ខណៈរថក្រោះមួយក្រុមដំបូងមានចំនួន១៤គ្រឿង ត្រូវបានដឹកជញ្ជូនមកដល់ទីក្រុងកំពង់ផែ ស្ទិចជីន (Szczecin) របស់ប៉ូឡូញ។ វាគឺជាប្រគល់រថក្រោះ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយ មានតម្លៃ១.៤ពាន់លានដុល្លារ សម្រាប់ការទិញយករថក្រោះ Abrams ស៊េរី M1A1 ចំនួន១១៦គ្រឿង ដែលពីមុនមកធ្លាប់ត្រូវបានប្រើប្រាស់ ដោយ​កងម៉ារីនអាមេរិក។ កាលពីឆ្នាំ២០២២ ប៉ូឡូញបានទិញរថក្រោះ Abrams ចំនួន២៥០គ្រឿងបន្ថែមទៀត ប៉ុន្តែក្នុងទម្រង់ជាស៊េរីទំនើបជាងមុន គឺ M1A2 ដែលពួកវាត្រូវគេរំពឹងថា នឹងបានមកដល់ដៃប៉ូឡូញ នៅខ្ទង់ចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ប៉ូឡូញដែលជាសមាជិកនៅក្នុងអង្គការណាតូ (NATO) និងនៅសហភាពអឺរ៉ុប (EU) ហើយជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់អ៊ុយក្រែន បានប្រកាសកាលពីខែមករាថា ខ្លួនមានផែនការចំណាយថវិកា៤ភាគរយនៃ GDP របស់ប្រទេស ទៅលើវិស័យការពារជាតិ ក្នុងឆ្នាំ២០២៣នេះ។ កន្លងមកនេះ ទីក្រុងវ៉ាសូវីបានចុះកិច្ចព្រមព្រៀងជាច្រើនស្តីពីការទិញសព្វាវុធ ក្នុងនោះរួមមានទាំងជាមួយសហរដ្ឋអាមេរិក ហើយនិងកូរ៉េខាងត្បូង។ នៅក្នុងកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ប៉ូឡូញបានបញ្ជាទិញរថក្រោះ K2 Black Panther រួមជាមួយប្រព័ន្ធកាំភ្លើងធំ K9៕