(កូឡុំបូ)៖ ក្រុមវេជ្ជបណ្ឌិតស្រីលង្កាបានព្រមានកាលពីថ្ងៃពុធ ជុំវិញកង្វះខាតឱសថសំខាន់ៗ និងលំហូរចូលនៃឱសថដែលមានគុណភាពអន់ ក្នុងទីផ្សាររបស់ប្រទេសដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

នៅពេលដែលប្រទេសដីកោះដែលមានប្រជាជនចំនួន២២លាននាក់ បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសមួយនេះបានរងទុក្ខខ្លាំង នៅពេលដែលការផ្គត់ផ្គង់សម្ភារៈបរិក្ខារថែទាំសុខភាព និងថ្នាំពេទ្យសំខាន់ៗបានអស់ពីស្តុក។

សមាគមវេជ្ជសាស្រ្ដស្រីលង្កាបាននិយាយថា ទោះបីជាប្រទេសនេះកំពុងងើបចេញពីការតស៊ូផ្នែកសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីទទួលបានប្រាក់ចំនួន ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិក៏ដោយ ក៏ឱសថសំខាន់ៗជាច្រើនកំពុងប្រើអស់ពីស្តុកម្តងទៀត។

លោកស្រីវេជ្ជបណ្ឌិត Veena Ariyaratne ប្រធានក្រុមហ៊ុន SLMA បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃពុធសប្តាហ៍នេះថា «ឥឡូវនេះយើងកំពុងមើលឃើញពីកង្វះខាតឱសថសំខាន់ៗជាច្រើន ដែលត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងកាន់តែធ្ងន់ធ្ងរឡើងដោយការគ្រប់គ្រងមិនត្រឹមត្រូវ»

លោក​ស្រីបាន​បន្ថែម​ថា ឱសថ​ដែល​​មាន​គុណភាព​អន់ និងខូច​គុណភាព​បាន​កើត​ឡើង​ក្នុងទីផ្សារ «ដោយសារ​តែ​ឱសថ​ទាំង​នេះ​ត្រូវ​បាន​នាំ​ចូល​យ៉ាង​ប្រញាប់​ប្រញាល់ ​ដោយ​គ្មាន​ការ​វាយ​តម្លៃ​និង​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ»

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាពឹងផ្អែកលើការនាំចូលច្រើនជាង ៨០ភាគរយនៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយធ្លាប់ត្រូវបានគេសរសើរចំពោះប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ជាមួយនឹងការព្យាបាលឧបត្ថម្ភធន រួមទាំងថ្នាំសម្រាប់ជំងឺធ្ងន់ធ្ងរផងដែរ។ ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​បាន​ជះ​ឥទ្ធិពល​ដល់​សេវាកម្ម​សំខាន់ៗ​ទាំងនោះ៕