(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos Jr. បានអំពាវនាវឱ្យប្រជាជនហ្វីលីពីនបង្ហាញសាមគ្គីភាពជាមួយប្រជាជនម៉ូស្លីម ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ដែលកាន់សាសនាកាតូលិកភាគច្រើនមួយនេះ បានប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជី ឬ Eid al-Adha នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ខណៈពេលដែលពួកគេប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់ទីពីរ ក្នុងសាសនាអ៊ីស្លាម ប្រធានាធិបតីហ្វីលីពីនបានទទួលស្គាល់ពីការរួមចំណែករបស់ជនជាតិភាគតិចម៉ូស្លីម ចំពោះវប្បធម៌ចម្រុះរបស់ប្រទេស។
លោក Marcos បាននិយាយនៅក្នុងសាររបស់លោកទៅកាន់ប្រជាជាតិហ្វីលីពីន យ៉ាងដូច្នេះថា «ប្រជាជាតិរបស់យើងគឺជាទឹកដីនៃជំនឿដ៏សម្បូរបែប ហើយប្រជាជនម៉ូស្លីមហ្វីលីពីនបានចិញ្ចឹមបន្ថែមនូវជំនឿទាំងនេះ និងបានជួយជំរុញបន្ថែមនូវភាពចម្រុះដ៏សម្បូរបែបរបស់យើង។ សូមឱ្យការលះបង់របស់ពួកគេចំពោះជំនឿទាំងនេះភ្លឺចែងចាំងពេញមួយពិធីបុណ្យនេះ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងគ្រួសារ មិត្តភ័ក្តិ និងសហគមន៍របស់យើង»។
លោកបានបន្តថា «សូមឱ្យយើងទាំងអស់គ្នារំលឹកពីសារៈសំខាន់នៃការលះបង់ និងភាពមិនអាត្មានិយម ដែលឆ្លុះបញ្ចាំងពីខ្លឹមសារនៃឱកាសនេះ ដើម្បីយើងអាចរួមដៃជាមួយបងប្អូនម៉ូស្លីមរបស់យើងមកពីជុំវិញពិភពលោក ក្នុងស្មារតីសន្តិភាព ឯកភាព និងការគោរពគ្នាទៅវិញទៅមក»។
គួរជម្រាបថា ប្រជាជនម៉ូស្លីមហ្វីលីពីនមានប្រមាណ ៥ភាគរយនៃចំនួនប្រជាជនហ្វីលីពីនសរុប ១១០លាននាក់។ ក្រុមជនជាតិភាគតិចទាំង១៣ ដែលត្រូវបានហៅជារួមថា ម៉ូរ៉ូ បង្កើតបានជាក្រុមដែលមិនមែនជាគ្រិស្តសាសនាដ៏ធំបំផុតនៅក្នុងប្រទេស។ ពួកគេភាគច្រើនរស់នៅលើកោះមីនដាណាវ និងប្រជុំកោះស៊ូលូ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ក៏ដូចជានៅខេត្ត Palawan និងនៅក្នុងរដ្ឋធានីម៉ានីល៕