(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាសហគ្រិនសកលនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុង Tianjin ដើម្បីសំណេះសំណាលជាមួយតំណាងសហគ្រិន ។ លោក Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាលើកនេះ ហើយលោកស្រី Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនប្រហែល ១២០ រូបដែលមកពីជាង ២០ ប្រទេសនិងតំបន់បានចូលរួម ។

លោក Li Qiang បានថ្លែងបន្ទាប់ពីការស្តាប់មតិនិងយោបល់របស់ តំណាងសហគ្រិននៃអង្គប្រជុំ នៅក្នុងកិច្ចប្រជុំលើកនេះដោយលើកឡើងថា ប្រាជ្ញានិងភាពរឹងមាំរបស់សហគ្រិនគឺជាកម្លាំងចលករ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ។ អ្វីដែលពិភពលោកត្រូវការបំផុតគឺការប្រាស្រ័យទាក់ទងគ្នា ហើយអ្វីដែលសំខាន់បំផុតគឺកិច្ចសហប្រតិបត្តិការ និងការបើកទូលាយ ។ សកលភាវូបនីយកម្មសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសទាំងអស់ នៅលើពិភពលោកក្លាយជាសហគមន៍នៃអនាគតរួមគ្នា ។ ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការគួរតែជាអាកប្បកិរិយា និងវិធីសាស្រ្តជាមូលដ្ឋានបំផុតសម្រាប់ការគិតគូរអំពីបញ្ហានិងការដោះស្រាយបញ្ហា ។

តំណាងសហគ្រិននៃអង្គប្រជុំបានថ្លែងថា ប្រទេសចិនជាទីផ្សារដែលមានភាពរសរវល្បំផុត ហើយសក្ដានុពលនៃកំណើននាពេលអនាគតនៅតែមានទំហំធំ ។ សហគ្រិនជុំវិញពិភពលោកគាំទ្រការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ "នៅក្នុងប្រទេសចិន ធ្វើការសម្រាប់ប្រទេសចិន" ហើយរីករាយក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន អនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើ វិស័យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ពិភពលោក ធ្វើការសហការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជា ការប្រែប្រួលអាកាសធាតុនិងបង្កើតទំនាក់ទំនងភាពជាដៃគូឈ្នះឈ្នះ ៕

អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជាចិន