(ប៉េកាំង)៖ ការបំលាស់ទីរបស់ក្រុម Wagner មកកាន់ប្រទេសបេឡារុស បានធ្វើឱ្យអង្គការណាតូព្រួយបារម្ភខណៈដែលយុទ្ធនាការ Counter Offensive នៅអ៊ុយក្រែន មិនបានលទ្ធផលល្អដូចតាមការរំពឹងទុក។ ការវាយលុកដណ្តើមយកទឹកដីរបស់អ៊ុយក្រែនមានរយៈពេលជិតមួយខែមកហើយ ប៉ុន្តែលទ្ធផលបានខុសនឹងក្តីរំពឹងទុក។ សេចក្តីរាយការណ៍ខ្លះបានបង្ហាញថាអ៊ុយក្រែន នឹងអាចសម្រេចបាននូវបំណងរបស់ខ្លួនតាមយុទ្ធនាការ Counter Offensive ប៉ុន្តែសេចក្តីរាយការណ៍ដទៃបង្ហាញថា ពេលវេលានឹងមិនរង់ចាំយូរចំពោះអ៊ុយក្រែននោះទេ និងថាក្តីរំពឹងនៃការចរចាមួយនឹងអាចកើតឡើងក្នុងរង្វង់ខែកក្កដាខាងមុខនេះ។

អស់រយៈពេល២៤ថ្ងៃមកហើយគិតចាប់តាំងពីយុទ្ធនាការ Counter Offensive របស់អ៊ុយក្រែន បានចាប់ផ្តើមតាំងពីថ្ងៃទី៤មិថុនាខណៈយុទ្ធនាការ Counter Offensive នៅអ៊ុយក្រែនមិនបានលទ្ធផលល្អដូចតាមការរំពឹងទុក។ សេចក្តីរាយការណ៍ខ្លះបានបង្ហាញថាអ៊ុយក្រែន នឹងអាចសម្រេចបាននូវបំណងរបស់ខ្លួនតាមយុទ្ធនាការ Counter Offensive ប៉ុន្តែសេចក្តីរាយការណ៍ដទៃបង្ហាញថាពេលវេលានឹងមិនរង់ចាំយូរចំពោះអ៊ុយក្រែននោះទេ និងថាក្តីរំពឹងនៃការចរចាមួយ នឹងអាចកើតឡើងក្នុងរង្វង់ខែកក្កដា ខាងមុខនេះ។ ប្រទេសអង់គ្លេសបាននិយាយថា កងកម្លាំងអ៊ុយក្រែនទំនងជាបានដណ្តើមយកដីវិញនៅតំបន់ Donbas ភាគខាងកើតប្រទេស ដែលកាន់កាប់ដោយរុស្ស៊ី តាំងពីឆ្នាំ ២០១៤។

សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បានលើកសម្តីមេបញ្ជាការអ៊ុយក្រែនម្នាក់កាលពីថ្ងៃសៅរ៍ ទី២៥ មិថុនាដែលបាននិយាយថាដីមួយកន្លែងនៅខាងកើតភូមិ ក្រាស្នូហូរីវកា Krasnohorivka ត្រូវបានអ៊ុយក្រែន ចូលដណ្តើមកាន់កាប់បានថែមទៀត។ ក្រសួងការពារជាតិអង់គ្លេសបានជួយនិយាយដែរថាកងកម្លាំងផ្នែកការពារអាកាសរបស់ អ៊ុយក្រែនបានវាយរុលសម្តៅទៅមុខ បានតិចតួចណាស់នាភាគខាងកើតភូមិក្រាស្នូហូរីវកា Krasnohorivka ដែលស្ថិតក្នុងតំបន់ដុនបាសនោះ។ ការរុលសម្តៅទៅមុខ បានតិចតួចនេះ បានទន្ទឹមនឹងសម្តីអះអាងរបស់មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានថ្លែងថាការវាយលុករបស់អ៊ុយក្រែនលើគ្រប់សមរភូមិមុខទាំងអស់មាន ការរីកចម្រើនទៅមុខ។

ថ្លែងកាលពីយប់ថ្ងៃអង្គារ៍ទី២៦ ខែមិថុនាតាមបណ្តាញសង្គម លោក ហ្សេលេនស្គី និយាយថាថ្ងៃអង្គារ៍នោះគឺជាថ្ងៃរីករាយសម្រាប់អ៊ុយក្រែនប៉ុន្តែមិនបានបញ្ជាក់បន្ថែម នូវតំបន់ដែលគ្រប់គ្រងបានជាពិសេសនោះឡើយ។ ក្រសួងការពារជាតិចក្រភពអង់គ្លេស នៅជាមួយគ្នានេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន បាននិយាយថា ការឈានទៅមុខរបស់អ៊ុយក្រែននៅភាគខាងកើតនៃ Krasnohorivka បង្កើតបានជា «ករណីដំបូងមួយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២» ដោយកងកម្លាំងអ៊ុយក្រែនទំនងជាបានដណ្តើមយកមកវិញនូវតំបន់មួយនៃទឹកដីដែលកាន់នកាប់ដោយរុស្ស៊ីចាប់តាំងពីឆ្នាំ 2014នោះមក។ ប្រទេសរុស្ស៊ីមិនបានរៀបរាប់ ឬធ្វើបច្ចុប្បន្នភាព នៅជុំវិញភូមិ Krasnohorivka ក្នុងតំបន់ដុនបាសនោះឡើយ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះទៀត មេបញ្ជាការកងកម្លាំងអ៊ុយក្រែននៅខ្សែបន្ទាត់ជួរមុខភាគខាងត្បូង លោកឧត្តមសេនីយ៍ អូឡេកសានដ្រ៍ តាណាវស្គី (Oleksandr Tarnavskyi) បាននិយាយថាកងកម្លាំងអ៊ុយក្រែន «កំពុងឆ្ពោះទៅមុខ» ក្នុងទិសដៅភាគខាងត្បូង។ ប៉ុន្តែសេចក្តីរាយការណ៍ដទៃទៀតបានបង្ហាញថាក្នុងការវាយបក ដណ្តើមទឹកដីក្នុងរយៈពេលជិតមួយខែមកនេះ ទឹកដីទំហំប្រមាណ១១៣គីឡូម៉ែត្រក្រឡាទើបបានរំដោះ។ រុស្ស៊ីនៅមុនឆ្នាំ២០២២ បានកាន់កាប់ទឹកដីភាគខាងកើត អ៊ុយក្រែនរួមមានតំបន់គ្រីមៀរ និងតំបន់ដុនបាសនាពេលនោះទំហំ៤២ពាន់គីឡូម៉ែត្រក្រឡា និងក្រោយមកបន្ទាប់ពីបានធ្វើសង្គ្រាមចូលលុកលុយក្នុងរូបភាពប្រតិបត្តិការ ការសន្តិភាពនោះមក បានកាន់កាប់បន្ថែមទឹកដីទំហំ១១ម៉ឺន៩ពាន់គីឡូ ម៉ែត្រក្រឡាថែមទៀត។ ដូច្នេះទំហំទឹកដីដែលរុស្ស៊ីបានកាន់កាប់ទាំងអស់មានសរុប១៦ម៉ឺន ១ពាន់គីឡូម៉ែត្រក្រឡាដែលស្មើនឹងជិត២៧ភាគរយនៃទឹកដីរបស់អ៊ុយក្រែនទាំងមូល។

របាយការណ៍បង្ហាញថារយៈពេល២៤ថ្ងៃនៃការធ្វើយុទ្ធនាការ Counter Offensive ជាមួយនឹងអាវុធទំនើបនៃជំនួយរបស់ក្រុមបស្ចឹមប្រទេស និងទើបបានរំដោះប្រមាណ ១១៣គីឡូម៉ែត្រក្រឡា ពីរុស្ស៊ីនោះ គឺជាទំហំតិចតួចណាស់ខណៈការបាត់បង់ជីវិតមនុស្ស និងអាវុធយុទ្ធភណ្ឌមានច្រើនលើសលុប។ សេចក្តីរាយការណ៍ដកស្រង់ ការផ្សាយរបស់ទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD បានរាយការណ៍ថាការចរចាស្វែងរកសន្តិភាពមួយនឹងអាចលេចឡើងនៅក្នុងរង្វង់ខែកក្កដាខាងមុខនេះ ខណៈលទ្ធផលលើ ការវាយបក Counter Offensive បានបង្ហាញនូវភាពមិនធ្វើដំណើរទៅមុខបានល្អនោះឡើយ។

ភាពមិនអាចធ្វើដំណើរទៅមុខដោយជោគជ័យបាននៅលើសមរភូមិបានធ្វើឱ្យអ៊ុយក្រែននិងប្រទេសលោកខាងលិចដែលជាអ្នកគាំទ្រមានភាពអៀនខ្មាសជាខ្លាំងដែលមិន អាចបំបាក់រុស្ស៊ីដោយអាវុធទំនើបរបស់ខ្លួននោះបាន។ អ៊ុយក្រែនដែលបានចាប់ផ្តើមការវាយបករបស់ខ្លួនតាំងពីថ្ងៃទី៤ ខែមិថុនា ត្រូវគេរាយការណ៍ នៅថ្ងៃទី២៧មិថុនា បញ្ជាក់បន្ថែមថាអាចដណ្តើមបានកូនភូមិចំនួនតែ៩ប៉ុណ្ណោះបើទោះបីជាមានការជួយផ្គត់ផ្គង់អាវុធទំនើបយ៉ាងណាពីក្រុមបស្ចឹមប្រទេសនិងសហរដ្ឋអាមេរិកក្តី។

សេចក្តីរាយការណ៍បានបង្ហាញនូវការបាត់បង់ជីវិតមនុស្ស និងអាវុធយុទ្ធភណ្ឌអស់ជាច្រើនក្នុង ការវាយលុកដែលបានធ្វើប្រមាណជិតមួយខែមកនេះ។ សេចក្តីរាយការណ៍ Hindustan Times បាននិយាយថា គ្រាន់តែរយៈពេលមួយថ្ងៃគឺនៅ ថ្ងៃទី២៦ ខែមិថុនាតែមួយថ្ងៃនោះប៉ុណ្ណោះ កាំភ្លើងជំនួយ Artillery របស់អ៊ុយក្រែនចំនួន៨៣ដើម ត្រូវបានគេបំផ្លាញខូចខ្ទេចខ្ទី និងនៅក្នុងការវាយប្រហារនោះ មានទាហានអ៊ុយក្រែនស្លាប់ច្រើនដល់ជាង៥០០នាក់។ សេចក្តីរាយការណ៍ដដែលបានបន្តថា ការខាតបង់ ទាំងជីវិត និងសម្ភារៈសឹកនេះ គឺមានជារៀងរាល់ថ្ងៃនៅលើសមរភូមិ។ នៅជាមួយគ្នានេះដែរ ស្ថានការណ៍វិវត្តន៍យ៉ាងលឿនដែលនាំឱ្យមានក្រុមទាហានស៊ីឈ្នួល Wagner បានដាក់ពង្រាយកម្លាំងរបស់ខ្លួនទាំងអស់ក្នុងទឹកដីបេឡារុស បាននាំឱ្យសមាជិកអង្គការណាតូនាតំបន់ភាគខាងកើតបានផ្អើលជ្រួលច្របល់។ ប្រទេសលីទុយអានី ដែល ជាសមាជិករបស់អង្គការណាតូនិងជាប្រទេសដែលស្ថិតជាប់ព្រំដែននឹងប្រទេសបេឡារុស បានស្នើជម្រុញអង្គការណាតូត្រូវប្រញាប់ពង្រឹងមុខព្រួញស្លាបខាងកើតរបស់ ណាតូ។

ប្រទេសនៃមុខព្រួញភាគខាងកើតរបស់ណាតូរួមមានប៊ុលហ្គារី, ឆេក, អេសតូ នៀ, ហុងគ្រី, ឡាតវីយ៉ា, លីទុយអានី, ប៉ូឡូញ, រ៉ូម៉ានីនិងស្លូវ៉ាគី។ មេដឹកនាំអង្គការណាតូ បានថ្លែងថាគេបានត្រៀមខ្លួនជាស្រេចរួចហើយ ក្នុងការការពារខ្លួនក្រោយសេចក្តីអំពាវនាវរបស់សមាជិកអង្គការណាតូដែលស្ថិតជាប់ព្រំដែនរុស្ស៊ីនិងប្រទេសបេឡារុស ដើម្បីបង្កើនកម្រិតការពារនោះមក។ មេដឹកនាំអង្គការណាតូ លោក Jens Stoletenberg បានថ្លែងថាវាជាការលឿនពេកក្នុងការធ្វើសេចក្តីវិនិច្ឆ័យចំពោះផលវិបាកដែល នឹងអាចកើតឡើងពាក់ព័ន្ធនឹងមេបញ្ជាការក្រុម Wagner ដែលបានទទួលភាពស្របច្បាប់ចូលមករស់នៅក្នុងប្រទេសបេឡារុស។ លោក Jens Stoletenberg បានប្រញាប់បញ្ជូនសារមួយតបទៅរុស្ស៊ីនិងបេឡារុសភ្លាមវិញថាអង្គការណាតូ នឹងស្ថិតនៅទីនោះដើម្បីការពាររាល់ប្រទេសជាសមាជិករបស់ខ្លួននិងការពារទឹកដី របស់ពួកគេដោយមិនឱ្យបាត់បង់សូម្បីមួយចង្អាម។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានថ្លែងកាលពីថ្ងៃទី២៧ ខែមិថុនាថា ភាពវិវត្តន៍នៃសភាពការណ៍លឿនពេកពាក់ព័ន្ធនឹងវត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងប្រទេសបេឡារុស ត្រូវគេចាត់ទុកថាគឺជាសញ្ញាមិនល្អចំពោះប្រទេសប៉ូឡូញឡើយ។ លោក Andrzej Duda ត្រូវគេរាយការណ៍ថាលោកបានប្រញាប់ ទាក់ទងនឹងសមាជិកអង្គការណាតូ គឺប្រទេសហូឡង់ដើម្បីរកវិធានការដើម្បីទប់ទល់។ មេដឹកនាំប៉ូឡូញបាននិយាយថា «យើងឃើញនូវអ្វីដែលកើតឡើង, ការផ្លាស់ប្តូរ ទីតាំងរបស់កងកម្លាំងរុស្ស៊ីក្នុងទម្រង់ដែលក្រុម Wagner បានធ្វើដំណើរដល់ប្រទេសបេឡារុស និងមេបញ្ជាការក្រុម Wagner នេះក៏បានធ្វើដំណើរដល់ប្រទេស បេឡារុសថែមទៀត ដែលអ្វីទាំងនោះគឺជាសញ្ញាអវិជ្ជមានចំពោះយើង ដែលយើងនឹងត្រូវលើកយកមកពិភាក្សាជាមួយក្រុមសម្ព័ន្ធរបស់យើង»

ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ត្រូវគេរាយការណ៍ថាបាននាំគ្នាបះបោរប្រឆាំងរដ្ឋាភិបាលរុស្ស៊ី និងពួកគេបំរុងលើកគ្នាធ្វើដំណើរទៅកាន់ក្រុងម៉ូស្គូថែមទៀត ប៉ុន្តែបន្ទាប់ពីមានការចោទប្រកាន់នូវអំពើបះបោរនិងក្បត់ជាតិ និងការព្រមានដាក់ទោសតាមច្បាប់នោះ, ក្រុមWagner ត្រូវបានប្រទេសបេឡារុសជួយសម្រុះសម្រួល ទទួលយកមកស្ថិតក្នុងប្រទេសបេឡារុសវិញ និងមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនក៏បានយល់ព្រមទម្លាក់ចោលការចោទប្រកាន់ទាំងអស់វិញផងដែរ។ ទំនាស់ដ៏ខ្លាំងក្លា ដែលអ៊ុយក្រែននិងប្រទេសលោកខាងលិច គិតថាជាភាពទន់ខ្សោយនៃចំណាត់ការរបស់រុស្ស៊ីនោះ ស្រាប់តែក្លាយជាបន្លានៅក្នុងភ្នែករបស់អង្គការណាតូនាពេលនេះ ទៅវិញ ខណៈដែលការវាយប្រហារ Counter Offensive របស់អ៊ុយ ក្រែនមិនបានបង្ហាញលទ្ធផលដូចតាមការរំពឹងទុករបស់ក្រុមអង្គការណាតូនោះឡើយ។

សេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD ត្រូវបានគេដកស្រង់ការផ្សាយដែលនិយាយថាជំនួយនូវអាវុធសន្ធឹកសន្ធាប់របស់ក្រុមបស្ចឹមប្រទេសដែលមិនអាចយក ជ័យជំនះនៅលើសមរភូមិក្នុងយុទ្ធនាការវាយបក Counter Offensive បាននោះ គឺកំពុងចង្អុល បង្ហាញនូវភាពទន់ខ្សោយរបស់អ៊ុយក្រែននៅលើសមរភូមិ។ ទូរទស្សន៍រដ្ឋ អាល្លឺម៉ង់ ARD រាយការណ៍ថាកិច្ចចរចាសន្តិភាពលើទំនាស់អ៊ុយក្រែន អាចនឹងចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ។ ទូរទស្សន៍រដ្ឋអាល្លឺម៉ង់ដដែលត្រូវបានគេដកស្រង់ ការផ្សាយដែលនិយាយថាប្រទេសលោកខាងលិចចង់ឱ្យរដ្ឋាភិបាលអ៊ុយក្រែនធ្វើការចរចាដើម្បីរកសន្តិភាពនោះ។ ទូរទស្សន៍ដដែលបានផ្សាយថាកិច្ចប្រជុំអន្តរជាតិ មិនជា ផ្លូវការមួយក្នុងបំណងចង់បញ្ចប់ទំនាស់ បានធ្វើរួចទៅហើយក្នុងរដ្ឋធានី Copenhagen របស់ប្រទេសដាណាម៉ាក ប៉ុន្តែមិនបានបញ្ជាក់ថាបានប្រជុំនៅថ្ងៃណាមួយ នោះឡើយ។

សេចក្តីរាយការណ៍បន្តថាក្នុងកិច្ចប្រជុំនោះរួមមានវត្តមានទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ស្ថិតនៅជាមួយឥស្សរជននានា ក្នុងពេលនោះផងដែរ។ សេចក្តីរាយការណ៍បន្តថាគោលដៅសំខាន់នៃការជួបជុំគ្នានោះគឺផ្តោតលើការគាំទ្ររបស់ប្រទេសអព្យាក្រិត្យនានាដូចជាប្រទេសឥណ្ឌា, ចិន, ប្រេស៊ីលនិងប្រទេស អាហ្វ្រិកខាងត្បូង។ ទូរទស្សន៍អាល្លឺម៉ង់ដដែលបន្តថាកិច្ចប្រជុំដែលមានអ្នកតំណាងកម្រិតខ្ពស់ចូលរួម គឺបង្ហាញនូវជំហានបោះដ៏ធំមួយសម្តៅរកការចរចាសន្តិភាពដ៏ ពិតប្រាកដដែលនឹង អាចត្រូវបានរៀបចំឡើងនាដើមខែកក្កដា ឆ្នាំ២០២៣នេះ៕