(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមិថុនា កិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកនាំមុខថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបើកធ្វើនៅក្រុងធានជីនប្រទេសចិន ។ ឥស្សរជនចំនួនប្រហែល១៥០០រូបដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិនិងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវ បានចូលរួនកិច្ចប្រជុំលើកនេះ ។ វេទិកាលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ស្មារតីសហគ្រិន៖ កម្លាំងចលករនៃសេដ្ឋកិច្ចពិភពលោក” ។
លោក Li qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកវេទិកា ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ សេដ្ឋកិច្ចសកលបានឈានចូលដំណាក់កាលធ្វើបរិវត្តកម្មដូច្នេះ ត្រូវប្រកាន់ខ្ជាប់ការប្រាស្រ័យទាក់ទង កិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍប្រកបដោយភាពបើកទូលាយ និងការអភិវឌ្ឍប្រកបដោយសន្តិភាព ។ បើប្រើចក្ខុវិស័យវែងឆ្ងាយ ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក មានប្រជាជនជាង១ពាន់៤លាននាក់ ដែលនឹងបន្តផ្តល់កម្លាំងចលករយ៉ា់ងខ្លាំងក្លាដល់ ការងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចសកល ។
លោក Li Qiang បានគូសបញ្ជាក់ទៀតថា ប្រឈមនឹងវិបតិ្តសកល គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចដោះស្រាយ បញ្ហាទាំងអស់ដោយខ្លួនឯងនោះដែរ “សាមគ្គីភាពគឺជាផ្លូវចេញតែមួយគត់” ។
ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ អង្គប្រជុំនឹងពិគ្រោះពិភាក្សាថា តើធ្វើយ៉ាងម៉េចទើបអាចផ្តល់កម្លាំងចលករដល់ ការច្នៃប្រឌិតថ្មីនិងការបង្កើតអាជីព ដើម្បីជំរុញកំណើននិងបង្កបង្កើតសេដ្ឋកិច្ចសកលដែលកាន់តែមានសច្ចភាព និរន្តរភាពនិងភាពធន់ ។
គោលដៅគន្លឹះនៃកិច្ចប្រជុំលើកនេះ គឺបំផុសជាថ្មីឡើងវិញនូវកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មី និងស្មារតីសហគ្រិននៅតំបន់នានា ទូទាំងពិភពលោក ។ កិច្ចប្រជុំលើកនេះនឹងពិគ្រោះពិភាក្សាអំពីបញ្ហាថ្មីបំផុតរបស់សកលលោក ដូចជាបញ្ហាប្រាក់បំណុលសកល ស្ថិរភាពខាងហិរញ្ញវត្ថុ និងប្រតិបតិ្តការខាងអាកាសធាតុជាដើម ប្រការនេះនឹងមានអត្ថន័យជាប្រព័ន្ធចំពោះតំបន់អាស៊ី និងតំបន់ផ្សេងទៀតលើពិភពលោក ។
សូមបញ្ជាក់ថា ចាប់ពីវេទិកាដាវ៉ូសបានរៀបចំធ្វើនៅប្រទេសចិនជាលើកដំបូងកាលពីឆ្នាំ២០០៧មក គិតរហូតដល់បច្ចុប្បន្ន វេទិកានេះបានក្លាយទោជាវេទិកាដ៏សំខាន់មួយសម្រាប់ការធ្វើការផ្លាសប្តូររវាងចិននិងពិភពលោក ។ ការបង្ហាញពីកម្លាំងចលករ នៃការងើបឡើងវិញសេដ្ឋកិច្ចរបស់ចិន និងផ្តោតសំខាន់ទៅលើការរួមចំណែករបស់ចិនដល់សេដ្ឋកិច្ចសកល ក៏បានក្លាយជាចំណុចគន្លឹះរបស់វេទិការដាវ៉ូសរដូវក្តៅឆ្នាំនេះផងដែរ។ ការស្ទង់ប្រជាមតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ឥស្សរជនមជ្ឈដ្ឋានពាណិជ្ជកម្មពោពេញទៅដោយជំនឿចិត្ត ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅយុគសម័យ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩៕