(វីលនីញូស)៖ ក្រសួងការពារជាតិលីទុយអានី នៅថ្ងៃពុធនេះបានប្រកាសថា រដ្ឋាភិបាលទីក្រុងវីលនីញូសកំពុងទិញប្រព័ន្ធការពារដែនអាកាស NASAMS ចំនួន២គ្រឿង សម្រាប់អ៊ុយក្រែន ក្នុងតម្លៃ៩.៨លានអឺរ៉ូ (១០.៧លានដុល្លារអាមេរិក) ហើយនឹងប្រគល់ពួកវាឱ្យដល់ដៃទីក្រុងកៀវ នៅក្នុងរយៈពេល៣ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិលីទុយអានី បានបន្ថែមថា ការផ្តល់ប្រព័ន្ធការពារដែនអាកាសខាងលើ គឺជាការឆ្លើយតបចំពោះសំណើរបស់អ៊ុយក្រែន ដែលសុំឱ្យមានការជួយពង្រឹង សមត្ថភាពការពារដែនអាកាសរបស់ខ្លួន ប្រឆាំងទៅនឹងការវាយប្រហារដោយមីស៉ីលគ្រូសនិងដ្រូនរបស់រុស្ស៉ី មកលើគោលដៅយោធាក៏ដូចជាស៉ីវិលនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងទិញប្រព័ន្ធ NASAMS នេះ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនន័រវែស Kongsberg Gruppen កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ មិនតែប៉ុណ្ណោះ លីទុយអានីក៏នឹងបរិច្ចាគរថពាសដែក M113 ចំនួន១០គ្រឿង អមជាមួយប្រព័ន្ធ NASAMS ផងដែរ។
គួរបញ្ជាក់ថា ការប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសនេះធ្វើឡើង ស្របពេលដែលប្រធានាធីបតីលីទុយអានី បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ដែលត្រូវរៀបចំឡើងនៅទីក្រុងវីលនីញូស នាខែក្រោយ ហើយនិងអំពីសមាជិកភាព EU របស់អ៊ុយក្រែន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៕