(ស្តុកខុល)៖ នាយករដ្ឋមន្រ្តី លោក អូលហ្វ គ្រីស្តឺសសុន (Ulf Kristersson) បាននិយាយនៅថ្ងៃពុធនេះថា ស៊ុយអែត នៅតែចង់ក្លាយជាសមាជិករបស់អង្គការណាតូ នៅមុន ឬក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ ទោះបីជាមិនទាន់ប្រាកដថា នឹងអាចធ្វើដូច្នេះបាននៅពេលនោះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ស៊ុយអែតបានកំណត់គោលដៅរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលណាតូ ដែលគ្រោងធ្វើឡើងចាប់ថ្ងៃទី ១១ដល់ថ្ងៃទី ១២ ខែកក្កដា ស្របពេលដែលមានការគាំទ្រយ៉ាងខ្លាំង ពីសមាជិកផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិក ប៉ុន្តែតួកគី និងហុងគ្រី រហូតមកដល់ពេលនេះ នៅតែបដិសេធផ្តល់សច្ចាប័ន។
លោក គ្រីស្តឺសសុន បានគូសបញ្ជាក់ថា «ស៊ុយអែតនឹងត្រូវក្លាយជាសមាជិកណាតូ។ យ៉ាងនេះក្តី គ្មាននរណាម្នាក់អាចសន្យាបានទេ ថាវានឹងកើតឡើងនៅកំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងវីលនីញូស ឬនៅមុនពេលនោះ ទោះបីជាវាជាការចង់បានរបស់យើងក៏ដោយ ហើយយើងក៏ចង់ប្រាប់ពីបំណងនេះ ទៅដល់គ្រប់ប្រទេសណាតូផ្សេងទៀតផងដែរ»។
គួរបញ្ជាក់ថា មន្ត្រីស៊ុយអែត និងតួកគីបានជួបប្រជុំគ្នាកាលពីថ្ងៃទី ១៤ ខែមិថុនា ដោយអ្នកចរចារបស់ស៊ុយអែតបានកំណត់ថា ជាកិច្ចពិភាក្សាដ៏ល្អ ហើយគ្រោងនឹងបើកកិច្ចប្រជុំកម្រិតខ្ពស់មួយទៀត នៅទីក្រុងព្រុចសែល ដែលរៀបចំដោយប្រមុខអង្គការណាតូ លោក ជេន ស្តូលធិនបឺគ មុនពេលមានកិច្ចប្រជុំកំពូល៕