(ម៉ិកស៉ីកូ)៖ សេចក្តីព្រាងក្រឹត្យមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសម៉ិកស៉ិកទំនងជានឹងប្រគល់ការគ្រប់គ្រងអាកាសយានដ្ឋានសំខាន់របស់រដ្ឋធានី ដែលជាកន្លែងដ៏មមាញឹកបំផុតក្នុងប្រទេស ទៅឲ្យកងទ័ពជើងទឹករបស់ខ្លួន ដោយចំណាត់ការនេះនឹងក្លាយជាការផ្លាស់ប្តូរថ្មីមួយទៀតលើការបង្កើនតួនាទីយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោកប្រធានាធិបតី អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានកោតសរសើរពីការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធក្នុងផ្នែកអាកាសចរណ៍ ដែលបានកាត់បន្ថយការជួញដូរគ្រឿងញៀន និងការរត់ពន្ធចេញពីអាកាសយានដ្ឋាន។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ិកស៉ិក (AICM) បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងដឹកជញ្ជូន ទោះបីជាកងទ័ពជើងទឹកបានគ្រប់គ្រងប្រតិបត្តិការសន្តិសុខរួចហើយ រួមទាំងគយផងដែរ។
លោក កាឡូស វ៉េឡាស់ឆេស (Carlos Velazquez ) អតីតពីឡុតរបស់កងទ័ពជើងទឹក ត្រូវបានតែងតាំងជា នាយកជាន់ខ្ពស់របស់អាកាសយានដ្ឋាននេះ កាលពីឆ្នាំ២០២២។ លោក ឡូប៉េស អូប្រាឌ័រ បានគូសបញ្ជាក់ថា «មានសន្តិសុខកាន់តែច្រើន ភាពប្រាកដប្រជាជាងមុន ច្បាប់ត្រូវបានអនុវត្តកាន់តែល្អ និងកាន់តែមានវិន័យ ក្រោយពេលដែលកងទ័ពជើងទឹកមកទទួលបន្ទុកគ្រប់គ្រងសន្តិសុខ»។
គួរបញ្ជាក់ថា សេចក្តីព្រាងក្រឹត្យនេះ ចាំបាច់ត្រូវបោះពុម្ពផ្សាយក្នុងសារាចរផ្លូវការរបស់ប្រទេសម៉ិកស៊ិក ដើម្បីចូលជាធរមាន៕