(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការនៅប្រទេសថៃ បានចេញសាលក្រមឱ្យសកម្មជន៥នាក់ រួចទោសពីបទប្រកាន់ថា ពួកគេបានព្យាយាម​រារាំងការធ្វើដំណើរ នៃក្បួនព្រះទីនាំងរបស់ម្ចាស់ក្សត្រីថៃ កំលុងបាតុកម្មកាលពីឆ្នាំ២០២០ ខណៈវាជាបទល្មើសដែលអាចមើលឃើញពួកគេ ត្រូវជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ ឬអស់មួយជីវិត ឬក៏ឈានដល់ការប្រហារជីវិត ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ពីដំបូងឡើយ ក្រុមព្រះរាជអាជ្ញាថៃ បានអះអាងថា ក្រុមបាតុករទាំងនោះ បានដឹងមុនអំពីក្បួនព្រះទីនាំងខាងលើ គឺរថយន្តព្រះរាជវាំងមួយគ្រឿងដែលដឹក ម្ចាស់ក្សត្រី ស៊ូធីតា ដែលជាអគ្គមហេសីរបស់ព្រះមហាក្សត្រថៃ វិជ្ជរ៉ាឡុងកន ហើយនិងព្រះរាជបុត្ររបស់ទ្រង់ គឺព្រះអង្គម្ចាស់ ឌីប៉ាងកន រ៉ាស្មីចូទី ដែលពេលនោះមានព្រះជន្មត្រឹម១៥ព្រះវស្សា ត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ ហើយពួកគេបាននាំគ្នាព្យាយាមរាំងខ្ទប់ផ្លូវ។

យ៉ាងណាមិញ តុលាការព្រហ្មទណ្ឌនៃទីក្រុងបានរកឃើញថា ក្រោយការពិនិត្យពិច័យយ៉ាងល្អិតល្អន់ទៅលើភស្តុតាងនានា គឺពុំមានសេចក្តីប្រកាសច្បាស់លាស់ប្រាប់ដល់សាធារណជន អំពីក្បួនព្រះទីនាំងម្ចាស់ក្សត្រីត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះឡើយ ហើយ​ក្រុមជនជាប់ចោទទំនងជាមិនបានមើលឃើញ ក្បួនឆ្ពោះមករកនោះទេ ដោយសារតែមានប៉ូលិសច្រើនជាន់ នៅព័ទ្ធជុំវិញរថយន្ត។

តុលាការបានបន្តថា ក្រុមមន្រ្តីប៉ូលិសនៅកន្លែងបាតុកម្ម បានប្រាប់ក្រុមបាតុករឱ្យនាំគ្នាចៀសចេញ ដើម្បីទុកផ្លូវសម្រាប់ក្បួនរថយន្តរបស់​ព្រះរាជវាំង ប៉ុន្តែមិនបានប្រាប់ថា ជាក្បួនព្រះទីនាំងរបស់ម្ចាស់ក្សត្រីឡើយ ខណៈក្រុមបាតុករបានរាំងខ្ទប់ផ្លូវមួយភ្លែត ដោយសារពួកគេ​យល់ច្រឡំថា ក្រុមប៉ូលិសមានបំណងព្យាយាមចង់បំបែកការប្រមូលផ្តុំ ប៉ុន្តែភ្លាមៗពួកគេក៏បាននាំគ្នាចៀសចេញវិញ ក្រោយដឹងថាក្បួនព្រះទីនាំង​បានមកដល់។

ជាចុងក្រោយ តុលាការទីក្រុងបាងកកបានសន្និដ្ឋានថា ឧប្បត្តិហេតុខាងលើ ទំនងជាត្រូវបានបង្កឡើង ដោយសារតែការយល់ច្រឡំក្នុងការទំនាក់ទំនង មិនមែនជាការប៉ុនប៉ងបន្ទុចបង្អាក់ដំណើរក្បួនព្រះទីនាំងរបស់ម្ចាស់ក្សត្រីថៃ ដោយចេតនាឡើយ។ តុលាការបានសម្រេចឱ្យជនជាប់ចោទ​ទាំង៥នាក់ រួចទោសពីការចោទប្រកាន់ទាំងអស់ ក្នុងនោះបទចោទប្រកាន់ធ្ងន់ជាងគេ គឺបទបង្កគ្រោះថ្នាក់ ឬព្យាយាមបង្កគ្រោះថ្នាក់ដល់​សិទ្ធិសេរីភាពរបស់ម្ចាស់ក្សត្រី ព្រះរជ្ជទាយាទ រាជានុសិទ្ធិ ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលតិចបំផុត១៦ឆ្នាំ ហើយបើការ​បំពានមានលក្ខណៈធ្ងន់ធ្ងរខ្លាំង គឺអាចឈានដល់ការជាប់ពន្ធនាគារអស់មួយជីវិត ឬក៏ទោសប្រហារជីវិតតែម្តង។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០ សកម្មភាពបាតុកម្មក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាល បានកើនឡើងសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលក្រោយមក រួមបញ្ចូលទាំង ការទាមទារធ្វើកំណែទម្រង់របបរាជានិយមថែមទៀត។ យ៉ាងណាក្តី ចលនាតវ៉ានោះបានថមថយទៅវិញ នៅឆ្នាំ២០២១ ដោយសារកត្តារួមផ្សំគ្នា រវាងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយនិងការចាប់ខ្លួនមេដឹកនាំបាតុកម្មជាបន្តបន្ទាប់៕