(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យទីក្រុងកៀវនូវកញ្ចប់ជំនួយយោធាថ្មី ទំហំ៥០០លានដុល្លារ ដើម្បីបង្ហាញការបន្តគាំទ្រឥតងាករេ ដល់កិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងកញ្ចប់ជំនួយយោធាខាងលើ នឹងរួមមានយានយោធាផ្សេងៗ ដូចជារថពាសដែកប្រយុទ្ធ Bradley និងរថពាសដែកសម្រាប់ដឹកកងទ័ព Stryker ព្រមទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ដើម្បីសម្តែងការអរគុណ សម្រាប់កញ្ចប់ជំនួយ៥០០លានដុល្លារនេះ ដោយលោកបាននិយាយថា រថពាសដែក រួមជាមួយគ្រាប់រ៉ុក្កែតនិងមីស៉ីលបន្ថែមទាំងនេះ នឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា វាគឺជាកញ្ចប់ជំនួយយោធាទី៤១ហើយ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័តសម្រាប់អ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើប្រទេសជិតខាងខ្លួនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ខណៈទំហំជំនួយយោធាសរុប គិតចាប់តាំងពីពេលនោះរហូតមកទល់ឥឡូវគឺកើនដល់ជាង៤០ពាន់លានដុល្លារ៕