(សេអ៊ូល)៖ នៅថ្ងៃពុធនេះ អាយុរបស់ប្រជាជនកូរ៉េខាងត្បូងបានថយចុះចំនួន១ឆ្នាំឬ២ឆ្នាំ ស្របពេលច្បាប់ថ្មីដែលតម្រូវឱ្យមានការប្រើប្រាស់មធ្យោបាយអន្តរជាតិតែមួយគត់ដើម្បីរាប់អាយុ បានចូលជាធរមានជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
នៅក្រោមគោលការណ៍រាប់អាយុ ដែលត្រូវបាននិយមប្រើប្រាស់ជាទូទៅបំផុត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េខាងត្បូង គឺមនុស្សម្នាក់ៗត្រូវចាត់ទុក មានអាយុ១ឆ្នាំ រួចស្រាប់នៅពេលកើតមក ហើយអាយុត្រូវកើន១ឆ្នាំ នៅរៀងរាល់ថ្ងៃទី១ ខែមករា មិនមែននៅថ្ងៃកំណើត នោះទេ។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៦០ ប្រទេសអាស៉ីខាងកើតមួយនេះ ក៏បានប្រើប្រាស់បទដ្ឋានអន្តរជាតិដើម្បីរាប់អាយុផងដែរ គឺអាយុគិតចាប់ពីសូន្យនៅពេលកើត ហើយកើន១ឆ្នាំ នៅរៀងរាល់ថ្ងៃកំណើត សម្រាប់ឯកសារពេទ្យនិងឯកសារច្បាប់។ ទោះជាបែបនេះក្តី ប្រជាពលរដ្ឋកូរ៉េខាងត្បូងភាគច្រើន នៅតែបន្តប្រើប្រាស់មធ្យោបាយរាប់អាយុចាស់ដដែល សម្រាប់អ្វីៗផ្សេងទៀត។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានអនុម័តច្បាប់ ដើម្បីលុបចោលមធ្យោយបាយរាប់អាយុចាស់ ហើយប្រកាន់យកស្តង់ដារាប់អាយុតាមអន្តរជាតិ ឱ្យពេញលេញតែម្តង កាលពីខែធ្នូ ឆ្នាំ២០២២ ខណៈវាទើបតែបានចូលជាធរមានជាផ្លូវការ នៅថ្ងៃពុធនេះ។ បើយោងតាមការស្ទង់មតិមួយរបស់រដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០២២ ប្រជាជនកូរ៉េខាងត្បូង ៨៦ភាគរយ បានអះអាងថា ពួកគេនឹងប្រើប្រាស់គោលការណ៍រាប់អាយុតាមស្តង់ដាអន្តរជាតិ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នៅពេលវាចូលជាធរមាន។
ដោយឡែក នៅកូរ៉េខាងត្បូងក៏មានប្រព័ន្ធរាប់អាយុមួយផ្សេងទៀត សម្រាប់ការធ្វើកំណែនទ័ព ការចុះឈ្មោះចូលរៀន និងការគណនាអាយុស្របច្បាប់សម្រាប់ ការទទួលទានគ្រឿងស្រវឹងនិងការជក់បារីផងដែរ ដោយអាយុរបស់បុគ្គលម្នាក់ ត្រូវរាប់ចាប់ពីសូន្យនៅពេលកើតមក ក៏ប៉ុន្តែ១ឆ្នាំ ត្រូវបានបន្ថែមនៅរៀងរាល់ថ្ងៃទី១ ខែមករា ជាជាងនៅថ្ងៃកំណើត។ បើតាមក្រុមមន្រ្តីកូរ៉េខាងត្បូង មធ្យោបាយរាប់អាយុនេះ នឹងនៅរក្សាដដែលសិន៕