(ព្យុងយ៉ាង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានចេញមុខរិះគន់លើផែនការរបស់សហរដ្ឋអាមេរិក ដែលគ្រោងត្រឡប់មកចូលរួមក្នុងអង្គការវប្បធម៌ UNESCO របស់អង្គការសហប្រជាជាតិ (UN) ឡើងវិញ ដោយទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ថា តាមពីតវាគឺជាបំណងអាក្រក់មួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលមានគោលដៅ ប្រើប្រាស់អង្គការនេះ ដើម្បីសម្រេចយុទ្ធសាស្រ្តសម្រាប់មហិច្ឆតាអនុត្តរភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងខែមិថុនានេះ អង្គការ UNESCO បានប្រកាសថា សហរដ្ឋអាមេរិកមានបំណងត្រឡប់មកចូលរួមជាសមាជិកវិញ នៅក្នុងខែកក្កដា ខាងមុខ ហើយសំឡេងភាគច្រើន នៃរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការ UNESCO ត្រូវគេរំពឹងថានឹងផ្តល់ការអនុម័តយល់ព្រម។ បើយោងទៅតាមសេចក្តីរាយការណ៍ក្នុងខែនេះ របស់កាសែតអាមេរិក Wall Street Journal ការសម្រេចចិត្តវិលមកវិញរបស់អាមេរិក គឺហេតុផលមួយផ្នែកដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅ UNESCO ជាទីដែលទីក្រុងប៉េកាំង គឺជាអ្នកបរិច្ចាគថវិកាដ៏ធំមួយ។
ពាក់ព័ន្ធនឹងរឿងនេះ បេសកកម្មអចិន្រ្តៃយ៍របស់កូរ៉េខាងជើងប្រចាំ UNESCO បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការវិលត្រឡប់មកចូល UNESCO វិញនេះ ច្បាស់ណាស់គឺជាចេតនាអាក្រក់មួយរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់អង្គការអន្តរជាតិនេះ ធ្វើជាវេទិកាសម្រាប់ការប្រឈមមុខគ្នារវាងបក្ខពួក ព្រមទាំងជាឱកាស ដើម្បីសម្រេចយុទ្ធសាស្រ្តសម្រាប់មហិច្ឆតាអនុត្តរភាព ពោលគឺមិនមែនសម្រាប់គោលដៅកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់អន្តរជាតិឡើយ។ កូរ៉េខាងជើងបានបន្ថែមថា អាមេរិកមានប្រវត្តិមិនត្រឹមតែធ្លាប់ដកខ្លួនចេញពី UNESCO ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្លាប់ដើរចេញពីអង្គការសុខភាពពិភពលោក (WHO), ពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ក៏ដូចជាពីអង្គការអន្តរជាតិផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលរួមក្នុងអង្គការ UNESCO ជាលើកដំបូង នៅពេលដែលអង្គការនេះចាប់កំណើតកាលពីឆ្នាំ១៩៤៥ ប៉ុន្តែបានដកខ្លួនចេញនៅឆ្នាំ១៩៨៤ ក្រោមហេតុផលថា អង្គការនេះចាត់ចែងហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយហាក់មាននិន្នាការប្រឆាំងនឹងខ្លួន មុនពេលត្រឡប់ចូលមកវិញ នៅឆ្នាំ២០០៣។ អាមេរិកបានដើរចេញម្តងទៀត កាលពីឆ្នាំ២០១៨ ក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ ដោយឡែក កូរ៉េខាងជើងបានស្ថិតនៅក្នុងអង្គការ UNESCO ចាប់តាំងពីឆ្នាំ១៩៧៤មក៕