(ម៉ិកស៉ីកូ)៖ អាជ្ញាធរបាននិយាយថា កងកម្លាំងសន្តិសុខនៅក្នុងរដ្ឋឈីអាប៉ាស់ (Chiapas) ភាគខាងត្បូងប្រទេសម៉ិកស៉ិក កំពុងស្វែងរកបុគ្គលិកក្រសួងសន្តិសុខរដ្ឋ ចំនួន ១៤នាក់ ដែលត្រូវបានចាប់ពង្រត់ដោយសមាជិកនៃជនប្រដាប់អាវុធមួយក្រុម កាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងសន្តិសុខម៉ិកស៉ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកដែលត្រូវបានចាប់ពង្រត់នោះ គឺជាបុរសទាំងអស់។ ពួកគេត្រូវបានចាប់ខ្លួនដោយសមាជិក នៃក្រុមប្រដាប់អាវុធ នៅលើផ្លូវហាយវេ ចម្ងាយជាង ៣៤គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋធានីរបស់រដ្ឋទុកថ្លា ហ្គូទីអឺរ៉េស (Tuxtla Gutierrez)។ បើតាមអ្នកនាំពាក្យរបស់ ក្រសួង អ្នកទាំង ១៤នាក់នោះមិនមែនជាមន្រ្តីប៉ូលិសនោះទេ ប៉ុន្តែជាបុគ្គលិកការិយាល័យរដ្ឋបាល។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «មិនធ្លាប់មានរឿងបែបនេះ កើតឡើងទេពីមុនមក ហើយមូលហេតុនៃការចាប់ពង្រត់កំពុងស្ថិតក្រោមការស៊ើបអង្កេត»។
គួរបញ្ជាក់ថា ទាំងភ្នាក់ងាររបស់សហព័ន្ធ និងរដ្ឋាភិបាលបានចូលរួមក្នុងប្រតិបត្តិការស្វែងរក។ វីដេអូដែលចេញផ្សាយដោយសារព័ត៌មាននានា បង្ហាញឲ្យឃើញរថយន្ត ជាច្រើនគ្រឿងឈប់ចតនៅលើផ្លូវ highway ដោយបើកទ្វារ ខណៈដែលមានក្រុមបុរសបំពាក់ដោយអាវុធយុទ្ធសាស្ត្រ បានធ្វើសកម្មភាពភ្ជង់កាំភ្លើង ទៅលើមនុស្ស នៅក្នុងរថយន្ត៕