(មូស្គូ)៖ ទំនាស់រវាងរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួល Wagner បានបញ្ចប់ទៅវិញក្នុងរយៈពេល៤៨ម៉ោង។ បើទោះបីជាទំនាស់នេះ ត្រូវគេវាយតម្លៃថាជាភាពទន់ខ្សោយ របស់មេដឹកនាំរុស្ស៊ីលោក ពូទីននោះក្តី ប៉ុន្តែបែរជាធ្វើឱ្យប្រទេសនៃសមាជិកអង្គការណាតូខ្លះបានព្រួយបារម្ភទៅវិញ។ ភាពនិរទេសរបស់ក្រុមទាហានស៊ីឈ្នួល Wagner មកកាន់ប្រទេសបេឡារុស បាននាំឱ្យមានការដាស់តឿនការប្រុងប្រយ័ត្នទៅវិញរបស់ប្រទេសនៃសមាជិកអង្គការណាតូ។

ប្រទេសបេឡារុស គឺជាប្រទេសមួយដែលមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ីដើម្បីការបង្ការការទប់ស្កាត់ការជ្រៀតជ្រែករបស់អង្គការណាតូពី មុខព្រួញភាគខាងកើត។ អាវុធតាក់ទិកនុយក្លេអ៊ែររបស់រុស្ស៊ីកាលពីថ្ងៃទី១៣ ខែមិថុនា បានដឹកមកដល់ប្រទេសបេឡារុសនៅទន្ទឹមនឹងមានការវាយបក Counter Offensive របស់អ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែមិថុនានោះមក។ ការដាក់ពង្រាយអាវុធតាក់ទិកនុយក្លេអ៊ែរនេះ បានធ្វើឱ្យប្រទេសស្ថិតនៅក្បែរប្រទេស បេឡារុសមានការព្រួយបារម្ភមួយផ្នែកទៅហើយ ប៉ុន្តែនាពេលនេះ ការជួយសម្រុះសម្រូលរបស់មេដឹកនាំប្រទេសបេឡារុសទទួលយកក្រុមទាហានស៊ីឈ្នួល Wagner ច្រើនម៉ឺននាក់មកស្នាក់នៅបន្ថែមទៀតនោះ បានធ្វើឱ្យកង្វល់បារម្ភនៃឥទ្ធិពលរបស់បេឡារុស ដល់ប្រទេសជិតខាងរបស់ខ្លួនកាន់តែកើនឡើងជាបន្ថែមទៀត។

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្ថូលថិនប៊ើក បានថ្លែងមុននេះថា ព្រឹត្តិការណ៍បះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍ គឺជាបញ្ហាផ្ទៃ ក្នុងរបស់រុស្ស៊ី ហើយក៏ជាការបង្ហាញឲ្យឃើញពីកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរដែលលោក វ្ល៉ាឌីមៀ ពូទីន បង្កើតឡើង ប៉ុន្តែប្រទេសដែលជាសមាជិករបស់អង្គការណាតូបែរជា បង្ហាញក្តីព្រួយបារម្ភទៅវិញគ្រា ដែលក្រុមទាហានស៊ីឈ្នួល Wagner ដែលមានស្នាដៃក្នុងការលត់បំបាក់ក្រុមទាហាន Elite អ៊ុយក្រែនក្នុងក្រុងបាក់មុតកន្លងមកនោះ ស្រាប់តែទទួលបានភាពស្របច្បាប់ស្នាក់នៅក្នុងប្រទេសបេឡារុស។ គេបានប្រៀបប្រដូចប្រទេសបេឡារុស គឺជាខ្លាកាន់តែដុះស្លាប។

ភាពវឹកវរខុសប្រក្រតីកាលពីថ្ងៃចុងសប្ដាហ៍បានធ្វើឲ្យបណ្ដាប្រទេសលោកខាងលិចនាំគ្នាប្រឹងស្វែងរកចម្លើយចំពោះការចោទសួរថាតើអាចនឹងមានអ្វីកើតឡើងបន្ត ទៅទៀត ចំពោះប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុតក្នុងពិភពលោកនេះ ក៏ដូចជា ចំពោះសង្គ្រាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ប៉ុន្តែក្តីបារម្ភនឹង ល្បិចសង្គ្រាមក៏បានពិនិត្យមើលទន្ទឹមគ្នានោះផងដែរ។ ប្រទេសលីទុយអានីដែលជាសមាជិករបស់អង្គការណាតូនិងជាប្រទេសដែលស្ថិតជាប់ព្រំដែន នឹងប្រទេសបេឡារុស បានស្នើជំរុញអង្គការណាតូត្រូវប្រញាប់ពង្រឹងមុខព្រួញស្លាបខាងកើតរបស់ណាតូ។

ប្រទេសនៃមុខព្រួញភាគខាងកើតរបស់ណាតូរួមមានប៊ុលហ្គារី, ឆេក, អេសតូនៀ, ហុងគ្រី, ឡាតវីយ៉ា, លីទុយអានី, ប៉ូឡូញ, រ៉ូម៉ានីនិងស្លូវ៉ាគី។ ការស្នើដាក់ពង្រាយនេះ បានធ្វើឡើងក្រោយសមយុទ្ធ១១ថ្ងៃរបស់អង្គការណាតូទើបនឹងបញ្ចប់កាលពីថ្ងៃទី២៣ ខែមិថុនា។ ប៉ុន្តែភាពកក់ក្តៅនៃការធ្វើសមយុទ្ធទាំងនោះមិនទាន់គ្រប់គ្រាន់ទេ ដោយសារតែសភាពការណ៍ប្រែប្រួលជាពិសេសការបង្ហាញតាមរយៈរូបភាពប្រេះស្រាំ រវាងរុស្ស៊ីនិងក្រុមទាហានស៊ីឈ្នួល Wagner របស់ខ្លួន។ ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ការត្រៀមបញ្ជួនកងកម្លាំង៤ពាន់នាក់របស់ខ្លួនទៅកាន់ប្រទេសលីទុយអានី។

ក្រុមទាហានស៊ីឈ្នួល Wagner ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Yevgeny Prigozhin ត្រូវគេចាត់ទុកមុននេះថា គឺជាឧបករណ៍ប្រើប្រាស់របស់លោកពូទីន សម្រាប់ការធ្វើអន្តរាគមន៍ រឿងនានានៅក្រៅប្រទេស បើទោះបីជាវិមានក្រឹមឡាំងតែងបដិសេធមិនជាប់ពាក់ព័ន្ធយ៉ាងណាក៏ដោយ។

ក្រុមទាហានស៊ីឈ្នួល Wagner របស់លោក Yevgeny Prigozhin នាពេលនេះកំពុងបង្ហាញពិភពលោកនូវការឈ្លោះប្រកែកគ្នាមួយជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដោយ លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថាជាអំពើបះបោរ និងក្បត់ជាតិ។ លោក Prigozhin បានថ្លែងថាសកម្មភាពដែលលោកបានធ្វើកន្លងមកនេះ គឺដើម្បីតែការស្វែងរក យុត្តិធម៌ចំពោះទាហាន Wagner របស់លោកដោយសារតែមានការចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថា បានបញ្ជាឱ្យមានការវាយប្រហារដោយ គ្រាប់រ៉ុក្កែតដាក់លើជំរំបន្ទាយទ័ពរបស់ក្រុម Wagner ក្នុងប្រទេសអ៊ុយក្រែន និងថាការវាយប្រហារនោះបានសម្លាប់ទាហានក្រុមស៊ីឈ្នួលអស់ជាច្រើននាក់។

ប៉ុន្តែនៅជាមួយគ្នានោះ វិមានក្រឹមឡាំងបានចោទថាក្រុមទាហានស៊ីឈ្នួល Wagner បានសម្លាប់អ្នកបើកយន្តហោះរុស្ស៊ីអស់ចំនួ១៣នាក់ក្នុងអម្លុងព្រឹត្តិការណ៍បះបោរ នោះក្នុងនោះបានបំផ្លាញឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង និងយន្តហោះចម្បាំងមួយគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ការខូចខាតនិងបាត់បង់ទាំងសងខាងរបស់ ទាហានរុស្ស៊ី និងទាហាន Wagner នេះមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយពីព័ត៌មានរបស់ក្រុមប្រទេសលោកខាងលិចឡើយ។ ម៉្យាងទៀតទំនាស់ដ៏ស្រួចស្រាលនេះ បែរជាត្រូវបានដោះស្រាយដោយរលូនទៅវិញក្នុងរយៈពេលតែ៤៨ម៉ោង។

ក្រោមការជួយសម្រុះសម្រួលមួយរវាងមេដឹកនាំបេឡារុស, លោក Aleksander Lukashenko បានយល់ព្រមទទួលយកលោក Yevgeny Prigozhin និងក្រុមទាហាន ស៊ីឈ្នួលឯកជនទាំងអស់មករស់នៅស្របច្បាប់ក្នុងទឹកដីប្រទេសបេឡារុស…ចំណែកមេដឹកនាំរុស្ស៊ីក៏បានយល់ព្រមការទម្លាក់ចោលបទចោទប្រកាន់ទោស បះបោរនិង ក្បត់ជាតិទាំងនោះចោលដែរ។ អំពើចោទប្រកាន់បះបោរ និងក្បត់ជាតិដោយក្រុម Wagner ត្រូវគេឃើញថា មានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ហើយស្ថានការណ៍នេះ បានបញ្ចប់ទៅវិញដោយមានការដកថយពីក្រុមទាហានស៊ីឈ្នួលWagner។ តាមពិតទំនាស់បែកបាក់គ្នានេះ បើសិនជារឿងពិតនោះ មែនគឺជាដំណឹងល្អរបស់អ៊ុយក្រែន និងអង្គការណាតូដែលចង់ឱ្យរុស្ស៊ីកាន់តែទន់ដៃដើម្បីចាញ់សង្គ្រាមអ៊ុយក្រែន។ ប៉ុន្តែទន្ទឹមនឹង សេចក្តីរាយការណ៍ខ្លះបានចោទថាវាជាភាពទន់ខ្សោយរបស់លោក ពូទីន នោះក្តី, ប្រទេសជាសមាជិកអង្គការណាតូខ្លះ បែរជាយល់ថាវាជាការត្រូវប្រុងប្រយ័ត្នខ្លួនទៅវិញ។

ប្រទេសអាល្លឺម៉ង់ដែលជាសមាជិករបស់អង្គការណាតូបានយល់ព្រមបញ្ជួនទាហានមួយកងពលតូចរបស់ខ្លួនទៅកាន់ប្រទេសលីទុយអានី។ ការយល់ព្រមបញ្ជូននេះ បានធ្វើឡើងបន្ទាប់ពីប្រទេសលីទុយអានីបានស្នើទៅអង្គការណាតូដើម្បីពង្រឹងស្លាបអង្គការណាតូនៃមុខព្រួញ ភាគខាងកើតខណៈដែលប្រទេសខ្លះសប្បាយចិត្ត នឹងការឈ្លោះបែកបាក់ផ្ទៃក្នុងរបស់រុស្ស៊ីនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងថា «ច្បាស់លាស់ណាស់ គឺប្រទេសអាល្លឺម៉ង់ នឹងត្រៀមដាក់ពង្រាយកម្លាំងមួយកងពលតូចដ៏ក្លៀវក្លាក្នុងប្រទេសលីទុយអានីផ្អែកលើមូលដ្ឋានអចិន្ត្រែយ៍ប្រសិនណាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជាបន្ទាយ, កន្លែងហ្វឹកហ្វឺន, កន្លែងផ្ទុកគ្រាប់រំសេវត្រូវផ្តល់ឱ្យគ្រប់គ្រាន់និងធានាបាននូវភាពបត់បែនរបស់ វាយោងតាមគម្រោងរបស់អង្គការណាតូ។»

ប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda បានស្វាគមន៍ចំពោះការប្រកាសនេះ និងថ្លែងថាប្រទេសលីទុយអានី ចង់កសាងហេដ្ឋារចនាសម្ព័ន្ធដែល គេត្រូវការនោះ រហូតដល់ឆ្នាំ២០២៦។ លោក Gitanas Nauseda បានថ្លែងក្រោយការជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់នាពេលនោះថា «យើងមានឆន្ទៈ នយោបាយខ្លាំងក្លាមួយក្នុងប្រទេសលីទុយអានីដើម្បីស្វែងរកប្រភពធនធានហិរញ្ញវត្ថុចាំបាច់ដើម្បីចំណាយលើភាពចាំបាច់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនោះ»។ មេដឹកនាំអង្គការណាតូលោក Jens Stoletenberg បានថ្លែងស្វាគមន៍សេចក្តីប្រកាសរបស់ប្រទេសអាល្លឺម៉ង់នោះផងដែរ។

ប្រទេសលីទុយអានី គឺជាសមាជិកអង្គការណាតូផ្នែកមុខព្រួញខាងកើត និងជាប្រទេសដែលមានព្រំដែនរួមជាមួយរុស្ស៊ី និងប្រទេសបេឡារុសផងដែរ។ ប្រទេសបេឡារុស គឺជាប្រទេសដែលស្ថិតក្នុងចំណុចមួយដែលរុស្ស៊ីអាចប្រើប្រាស់វាយដាក់ទៅលើក្រុងគៀវក្នុងពេលដែលសង្គ្រាមកំពុងកើតឡើងនេះ។ នេះជាយុទ្ធសាស្ត្រថ្មីមួយទៀត ដែលរុស្ស៊ីបានត្រៀមលក្ខណៈរបស់ខ្លួន ជាយូរមកហើយបើសិនជាមានការពង្រីកនូវភូមិសាស្ត្រសង្គ្រាម។ លោក លូកាស្ហ៊ិនកូបានថ្លែងមុននេះថា បើសិនជាអាចមាន សង្គ្រាមផ្ទុះឡើងក្នុងប្រទេសរបស់លោក គឺវាអាចចេញមកពីប្រទេសប៉ូឡូញ, ប្រទេស អ៊ុយក្រែនឬពីប្រទេសណាមួយដែលស្ថិតក្នុងតំបន់បាល់ទិក។

មេដឹកនាំប្រទេសបេឡារុសដដែលបានសង្ស័យទៀតថាសកម្មភាពរបស់រដ្ឋនៃសមាជិកអង្គការណាតូដែលស្ថិតជាប់នឹងបេឡារុសជាមួយនឹងការដាក់ពង្រាយទាហាន ជាច្រើន ក្នុងទីតាំងរបស់គេនោះ ក៏អាចជាការបង្ហាញនូវសញ្ញារៀបចំគម្រោងចង់ធ្វើការវាយប្រហារដាក់លើប្រទេសរបស់លោកបានដែរ។ ដូច្នេះហើយ ការត្រៀមរៀបចំទុក ត្រូវគេឃើញថាបានធ្វើឡើងតាមដំណាក់កាលរបស់វា។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលថ្ងៃទី៤៨៨ថ្ងៃហើយ។ អ៊ុយក្រែនដើម្បីវាយប្រហារដាក់លើរុស្ស៊ី បានប្រើប្រាស់កម្លាំងទាំងស្របច្បាប់ និងកម្លាំងក្រុមវិច្ឆេទ្ធកររបស់ខ្លួនវាយប្រហារដាក់លើទឹកដីរបស់រុស្ស៊ីថែមទៀតតាមរយៈការប្រើដ្រូនអត្តឃាតកន្លងមកនេះជាដើម។ ប៉ុន្តែការវាយប្រហារដាក់លើទឹកដីកន្លងមកនេះ ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនមិនបញ្ជាក់លើការទទួលខុសត្រូវឡើយ។

ក្រុមអ្នកតាមដានសភាពការណ៍វិវត្តន៍សង្ស័យថារុស្ស៊ី អាចនឹងប្រើល្បិចដូចគ្នានេះដោយប្រើក្រុម Wagner ធ្វើការវាយប្រហារដាក់លើទឹកដីអ៊ុយក្រែនវិញតាមរយៈ ទាហានស៊ីឈ្នួល ដូចអ្វីដែលក្រុមវិច្ឆេទ្ធករអ៊ុយក្រែនបានធ្វើដាក់មកលើទឹកដីរុស្ស៊ីដូចគ្នាវិញនោះផងដែរ។ មេដឹកនាំបេឡារុស លោក Lukashenko បានសរសេរក្នុង បណ្តាញសង្គមប្តេជ្ញាចិត្តមុននេះថា «ខ្ញុំសូមទទួលខុសត្រូវចំពោះប្រជាជនចំនួន១៣លាននាក់។ ខ្ញុំនឹងមិនបណ្តោយឱ្យពលរដ្ឋបេឡារុស១០លាននាក់ និងពលរដ្ឋរុស្ស៊ី បីលាននាក់ដែលរស់នៅក្នុងទឹកដីបេឡារុសនេះ ត្រូវបានគេហែកជាចំរៀកនោះឡើយ»