(អាំស្ទែដាំ)៖ ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា សមាជិកណាតូមិនត្រូវមើលស្រាលរុស្ស៉ីនោះទេ បន្ទាប់ពីមានភាពចលាចលមួយពេលខ្លី កើតចេញពីការបះបោរបរាជ័យរបស់ក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner ក៏ដោយ។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មានរុស្ស៉ី AP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡាអេ នៃប្រទេសហូឡង់ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាបានឃើញស្ថានការណ៍ប្រែប្រួល ក្នុងប្រទេសរុស្ស៉ី នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ហើយទាំងនេះគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៉ី។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងក៏មិនត្រូវមើលស្រាលរុស្ស៉ី នោះដែរ»។
ប្រមុខនៃអង្គការណាតូរូបនេះ បានបន្ថែមថា «កងទ័ពអ៊ុយក្រែនកំពុងដំណើរការប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានយកទឹកដីមកវិញកាន់តែច្រើន ដែលនេះ នឹងអំណោយផលនៅតុចរចារបស់ពួកយើង។ សមាជិកណាតូនឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងកៀវ ព្រមជាមួយនិងការបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់យើងចំពោះអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី នៅខែក្រោយ»។
គួរបញ្ជាក់ថា ក្រោយពីមានការបះបោររបស់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន ក្រុមមន្រ្តីលោកខាងលិច បានចាត់ទុក ភាពចលាចលនោះជាភាពប្រេះឆាក្នុងអំណាចយោធារុស្ស៉ី។ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា អ៊ុយក្រែនបរាជ័យ ក្នុងការទាញយកប្រយោជន៍ពីការបះបោរភ្លាមៗ នៅរុស្ស៉ី៕