(កៀវ)៖ អាជ្ញាធរក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា មីស៉ីលពីរគ្រាប់របស់រុស្ស៉ីបានវាយប្រហារទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) ដែលស្ថិតនៅភាគខាងកើត នៃប្រទេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សចំនួន ៤នាក់ ខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់ក្រោមគំនរបែកបាក់នៃភោជនីយដ្ឋាន ដែលរងការបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមអ្នកស្លាប់មានក្មេងម្នាក់ ខណៈមនុស្សចំនួន ៤២នាក់បានរងរបួស។ បើតាមក្រុមប្រឹក្សាក្រុងក្នុងទីក្រុងក្រាម៉ាតូស្ក៍ មីស៉ីលគ្រាប់ទី២ ត្រូវបានបាញ់ទៅលើ ភូមិមួយនៅក្បែរក្រុងនោះ បណ្ដាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។ ដោយឡែក អគារជាច្រើនក្នុងទីក្រុងក្រេមិនឈុក (Kremenchuk) ដែលនៅចម្ងាយ ប្រហែល ៣៧៥គីឡូម៉ែត្រពីភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ក៏បានរងនូវការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពី អ្នកស្លាប់ ឬរងរបួសនោះទេ មួយឆ្នាំបន្ទាប់ពីការវាយប្រហារលើផ្សារទំនើបមួយនៅទីនោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាត់ទុកការវាយប្រហារនេះថា រុស្ស៉ីសមនឹងទទួលការកាត់ទោសពីទង្វើដែលខ្លួនបានធ្វើ។

គួរបញ្ជាក់ថា Kramatorsk ជាទីក្រុងរងការវាយប្រហារជាញឹកញាប់ពីរុស្ស៉ី និងជាទីក្រុងដ៏សំខាន់មួយនៅភាគខាងលិចតំបន់ដូណេត ហើយទំនងជាគោលដៅ សំខាន់មួយរបស់រុស្ស៉ី ដើម្បីឆ្ពោះចូលទៅទិសខាងលិចក្នុងការចាប់យកតំបន់នេះទាំងមូល៕