(ប៉េកាំង)៖ ក្រសួងការបរទេសរុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់មួយស្ដីពីប្រព័ន្ធការពារប្រឆាំងមីស៊ីល។ នេះបើ តាមក្រសួងការបរទេសរុស្ស៉ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «ការផ្ដោះប្ដូរយោបល់គ្នាបានធ្វើឡើង លើទិដ្ឋភាពជាច្រើននៃបញ្ហានេះ (ប្រព័ន្ធការពារប្រឆាំងមីស៊ីល) ក្នុងនោះរួមមានបញ្ហាសកល និងក្នុងតំបន់ ហើយគោលបំណងនៃកិច្ចពិភាក្សានេះគឺអះអាង ឡើងវិញពីការរៀបចំកិច្ចពិភាក្សារបៀបនេះជាទៀតទាត់នៅពេលអនាគត»។
គួរបញ្ជាក់ថា ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានបង្កើនការពឹងផ្អែកលើចិនយ៉ាងខ្លាំងទាំងខាងពាណិជ្ជកម្ម និងការគាំទ្រខាងការទូត។ ចំណែក ចិនវិញមិនបានថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ីនោះទេ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន បានចោទប្រកាន់ចិនថាអាចនឹងពិចារណាផ្ដល់អាវុធឱ្យរុស្ស៉ី បើទោះជាទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់នេះក៏ដោយ៕