(ឡាអេ)៖ បណ្ដាប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO ក្នុងតំបន់អឺរ៉ុបខាងកើត នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថាវត្តមានរបស់ទាហានស៊ីឈ្នួល រុស្ស៉ី Wagner នៅលើទឹកដីបេឡារុស នឹងបង្កជាអស្ថិរភាពក្នុងតំបន់ ប៉ុន្តែអគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថាបក្សសម្ព័ន្ធ យោធាលោកខាងលិចមួយនេះ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងឡាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ​Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ី​ន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយមាន កិច្ចចរចាបញ្ចប់ការបះបោរប្រឆាំងនឹងវិមានក្រឹមឡាំង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមការសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស អាឡិចសាន់ឌឺ លូកាសិនកូ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី ពូទីន ក៏បានផ្ដល់ជម្រើសឱ្យទាហាន Wagner អាចទៅរស់នៅក្នុងប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្ត របស់រុស្ស៉ីផងដែរ។

ប៉ុន្តែ បណ្ដាប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO ក្នុងតំបន់អឺរ៉ុបខាងកើតបានបង្ហាញក្ដីព្រួយបារម្ភចំពោះវត្តមានទាហានស៊ីឈ្នួលរុស្ស៉ី នៅបេឡារុស។ ថ្លែងនៅបន្ទាប់ពីជំនួបជាមួយលោក Stoltenberg និងមេដឹកនាំមកពីប្រទេស NATO ចំនួន៦ផ្សេងទៀត ក្នុងទីក្រុងឡាអេ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ប្រធានាធិបតីលីទុយអានី លោក ហ្ស៉ីតាណាស់ ណូសេដា (Gitanas Nauseda) បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ Wagner ដាក់ពង្រាយទាហានជា ឧក្រិដ្ឋជនរបស់ពួកគេក្នុងប្រទេសបេឡារុស នោះបណ្ដាប្រទេសក្បែរខាង (បេឡារុស) ទាំងអស់នឹងត្រូវប្រឈមមុខនឹងអស្ថរិភាពដ៏គ្រោះថ្នាក់បំផុត»។ ក្រៅពី លោក ណូសេដា ប្រធានាធិបតីប៉ូឡូញ លោក ឌូដា ក៏បានបង្ហាញពីក្ដីកង្វល់ផងដែរ ដោយលោកសង្កត់ធ្ងន់ថាវត្តមានទាហាន Wagner លើទឹកដីបេឡារុស គឺជាកង្វល់មួយដ៏ធំ ដែលតម្រូវឱ្យ NATO ត្រូវតែធ្វើការសម្រេចចិត្តយ៉ាងរឹងមាំបំផុត។

តែយ៉ាងណាក៏ដោយ អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថាវាដូចជាលឿនពេក ក្នុងវាយតម្លៃពីហានិភ័យបង្កឡើងដោយវត្តមាន ទាហាន Wagner លើទឹកដីបេឡារុស ចំពោះសម្ព័ន្ធមិត្ត​ NATO ខណៈបក្សសម្ព័ន្ធយោធាមួយនេះបានបង្កើន និងពង្រឹងយោធារបស់ខ្លួនក្នុង តំបន់អឺរ៉ុបខាងកើត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា បើតាមប្រធានាធិបតីប៉ូឡូញ លោក ឌូដា លោកផ្ទាល់សង្ឃឹមថាការគំរាមកំហែងបង្កឡើងដោយទាហានស៊ីឈ្នួលរុស្ស៉ី Wagner អាចនឹងក្លាយជា ប្រធានបទមួយសម្រាប់កិច្ចពិភាក្សា ក្នុងកិច្ចប្រជុំកំពូល NATO នៅប្រទេសលីទុយអានីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខ៕