(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានប្រទះឃើញនាវាចម្បាំង២គ្រឿងរបស់រុស្ស៉ី ធ្វើដំណើរនៅក្បែរតំបន់ឆ្នេរ ភាគខាងកើតរបស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ ហើយបានដាក់ពង្រាយនាវាស៊ើបការណ៍ និងយន្ដហោះចម្បាំង ដើម្បីតាមដានសកម្មភាពនាវាចម្បាំងរុស្ស៉ី ទាំង២គ្រឿងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ដែរថានាវាចម្បាំងរុស្ស៉ីទាំង២គ្រឿងខាងលើ បានធ្វើដំណើរពីភាគខាងត្បូង ឆ្ពោះ ទៅភាគខាងជើងក្នុងដែនទឹក ក្បែរតំបន់ឆ្នេរភាគខាងកើតរបស់តៃវ៉ាន់ នៅម៉ោងប្រហែល ១១នាទីយប់ (ម៉ោងក្នុងតំបន់)។ យោធាតៃវ៉ាន់បានតាមដាន សកម្មភាពនាវាចម្បាំងទាំងនេះ តាមរយៈការចល័តយន្ដហោះចម្បាំង និងនាវាចម្បាំង ព្រមទាំងដាក់ឱ្យដំណើរការប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង ដើម្បីតាមឃ្លាំមើល។ ប៉ុន្តែ ខាងក្រសួងការពារជាតិតៃវ៉ាន់ មិនបានលម្អិតថាតើនាវាចម្បាំងរុស្ស៉ីស្ថិតនៅចម្ងាយប៉ុន្មាន ពីតំបន់ឆ្នេររបស់តៃវ៉ាន់នោះទេ។

គួរបញ្ជាក់ថា តៃវ៉ាន់ជារឿយៗតែងតែរាយការណ៍ពីវត្តមាន និងសកម្មភាពយន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងរបស់ចិននៅក្បែរដែនទឹករបស់ខ្លួន ហើយនេះគឺជាកម្របំផុតដែលតៃវ៉ាន់អះអាងពីវត្តមាននាវាចម្បាំងរុស្ស៉ី ខណៈតៃវ៉ាន់ក៏បានចូលរួមជាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ដទៃក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែនផងដែរ៕