(ប៉ារីស)៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងប៉ូលិស បន្ទាប់ពីសាធារណ​​ជនផ្ទុះកំហឹងខឹងសម្បារ ជុំវិញហេតុការណ៍ដែលយុវជនម្នាក់ មានអាយុ ១៧ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅ​ឯតំបន់ណង់ទែរ (Nanterre) ស្ថិតនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារតែមិនព្រមអនុវត្ត តាមបទបញ្ជារបស់ប៉ូលិសដែលឱ្យរូបគេឈប់ឡានជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

យុវជនខាងលើត្រូវបានគេរាយការណ៍ថា បានបើកបររថយន្តមួយគ្រឿង នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា នៅពេលដែលប៉ូលិសតាមឃាត់រូបគេ សម្រាប់ការបំពានច្បាប់បើកបរជាច្រើនករណី។ វីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដែលត្រូវបាន ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញថាប៉ូលិស២នាក់ បានព្យាយាមបញ្ឈប់រថយន្ដមួយគ្រឿង ដោយពេលនេះដែរមានប៉ូលិស ម្នាក់ បានភ្ជង់កាំភ្លើងតាមទ្វាររថយន្ត ហើយក៏ស្រាប់តែបាញ់យកតែម្ដង នៅពេលយុវជនរូបនោះបន្តបើកបរទៅមុខ។

គួរបញ្ជាក់ថា ក្រុមអ្នកសង្រ្គោះបន្ទាន់បានព្យាយាមជួយសង្រ្គោះយុវជនរូបនោះដែរ តែមិនបានជោគជ័យឡើយ។ ក្រោយឧប្បត្តិហេតុនេះកើតឡើង ប្រជាជនរស់នៅក្នុងតំបន់ បាននាំគ្នាបាតុកម្មតវ៉ាមួយនៅខាងក្រៅទីស្នាក់ការប៉ូលិសរហូតដល់មានការប៉ះទង្គិចគ្នា។ ក្រុមបាតុករបានដុតរថយន្ដ មួយគ្រឿង បំផ្លាញចំណតរង់ចាំរថយន្ដក្រុងមួយកន្លែង ជាហេតុបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែក ក្រុមបាតុករ ហើយមនុស្ស៩នាក់ត្រូវបានចាប់ខ្លួន៕