(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បាននិយាយថាចិនអាចដើរតួនាទីមួយប្រកបដោយលក្ខណៈស្ថាបនា ក្នុងជម្លោះនៅអ៊ុយក្រែន អំឡុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារម្សិលមិញក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៉ីបគីន កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់ប្រទេសចិន ក្នុងគោលបំណងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនដែលជា មហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ខណៈប្រាក់ចំណូលជិត១ភាគ៤ បានមកពីការនាំចេញរបស់នូវែលសេឡង់ គឺមានប្រភពមកពីចិន ហើយនេះធ្វើឱ្យនូវែលសេឡង់កា្លយជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដែលពឹងផ្អែកខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។

បើតាមកំណត់សម្គាល់មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក ហ៉ីបគីន បានពិភាក្សាកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ជាមួយលោក ស៊ី ជិនពីង លើបញ្ហាជាច្រើនក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ នវានុវត្ដន៍ កសិកម្ម និងទេសចរណ៍។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរពីការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដែលចិនអាចធ្វើបាននៅក្នុងការចូលរួមជួយ ដោះស្រាយបញ្ហាប្រឈមជាសកល តួយ៉ាងដូចជាការប្រែប្រួលអាកាសធាតុ និងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បាននិយាយថាខ្លួនជាភាគីអព្យាក្រឹត ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិច បានរិះគន់ចិនយ៉ាងខ្លាំង ចំពោះការបដិសេធថ្កោលទោសទីក្រុងមូស្គូ និងទំនាក់ទំនងរបស់ចិនជាមួយរុស្ស៉ី៕