(ហ្សឺណែវ)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារថា ការព្យាករណ៍ពីមុននេះថា ជម្លោះនៅក្នុងប្រទេសស៊ូដង់នឹងជំរុញឱ្យមនុស្ស១លាននាក់ ឱ្យភៀសខ្លួនឆ្លងព្រំដែន ប៉ុន្តែជាក់ស្តែងអាចលើសពីនេះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ការប៉ះទង្គិចគ្នារវាងកងទ័ព និងកងកម្លាំងប៉ារ៉ាយោធាដែលកំពុងប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមេសាមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សជិត ៦០០,០០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសអេហ្ស៊ីប ឆាដ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
លោក Raouf Mazou ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិការរបស់ UNHCR បាននិយាយថា «ជាអកុសល បើតាមការក្រឡេកមើលនិន្នាការ និងអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុង Darfur ប្រហែលជាជនចំណាកស្រុក នឹងមានលើសពី១លាននាក់»។
លោកបាននិយាយបែបនេះ គឺចង់សំដៅទៅលើការវាយប្រហារដែលជំរុញដោយជនជាតិភាគតិច និងការប៉ះទង្គិចគ្នាក្នុងតំបន់ Darfur ដែលបានទទួលរងជម្លោះដ៏ធំមួយនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលបានសម្លាប់មនុស្សប្រហែល ៣០០,០០០នាក់។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីចំនួនជនភៀសខ្លួនដែលលោកព្យាករថា នឹងរត់ភៀសខ្លួនចេញពីប្រទេសឡើងដល់ជាង ១លាននាក់នោះទេ។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២.៥លាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីខែមេសា ដែលភាគច្រើនជាការបំផ្លាស់ទីផ្ទៃក្នុង នៅក្នុងប្រទេសស៊ូដង់៕